វីវរហើយក្រុមធ្វើផ្លូវទៅយកដីព្រៃមិនខ្លាចច្បាប់ ក្រមព្រហ្មប្រទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា

(មណ្ឌលគិរី)វីវរហើយក្រុមជនខិលខូចនិងបក្ខពួកមួយក្រុមដែលអាងមានលុយមិនខ្លាចញញើតច្បាប់ ថ្លើមពាសមេឃហ៊ានឈូសឆាយដីព្រៃធ្វើផ្លូវគ្មានច្បាប់អនុញ្ញាត្តមួយខ្សែរ  ដែលមានទីតាំងនៅចំនុចព្រំប្រទល់អូរពងទូ ជាប់ព្រំប្រទល់ភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ផ្លូវនោះត្រូវបានមហាជនដាក់ការសង្ស័យថាធ្វើទៅក្នុងគោលបំណងហ៊ុំព័ទ្ធយកដី ដែលខុសទៅនិងច្បាប់ស្តីពីព្រៃឈើនៅ មាត្រា ៩៤(ចែងថា) បុគ្គលណាដែលបានប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឱ្យប៉ះពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើត្រូវចេញថ្លៃស្តារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌដូចដើមឡើងវិញ។

មាត្រា ៩៧(ចែងថា) កាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ជាបទល្មើសព្រៃឈើថ្នាក់ទី១ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសព្រៃឈើថ្នាក់ទី១ នៃច្បាប់នេះ។

៖ក្រោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាផ្ទាល់ ទៅកម្លាំងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឲ្យចុះពិនិត្យ និងស្រាវជ្រាវវែកមុខ រកជនខិលខូចមកផ្ដន្ទាទោស ឲ្យខានតែបាន ទោះជា បុគ្គលនោះ ជាអ្វីក៏ដោយ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ពីឯឧត្តមអភិបាលខេត្ត នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ មិថុនា ២០២១ភ្លាមៗនោះ  ក៏បានដាក់បទបញ្ជាភ្លាមៗដែរដល់

លោកឧត្តមសេនីយ៏ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីទទួលផ្នែកព្រហ្មប្រទណ្ឌ ឲ្យដឹកនាំកម្លាំងចុះទៅជាបន្ទាន់ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវជុំវិញករណីជនមិនស្គាល់មុខលួចធ្វើផ្លូវកាត់ព្រៃ នៅចំនុចព្រំប្រទល់អូរពងទូ ជាប់ព្រំប្រទល់ភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យនេះភ្លាមដែរ។

ក្រោយពេលចុះទៅដល់ទីតាំងលោកស្នងការរងបានប្រាប់អង្គភាពKDNថាកម្លាំងលោកបានប្រទះឃើញមានការឈួសឆាយផ្លូវក្នុងព្រៃរួចរាល់ចម្ងាយស្មើរ៣.៧០០ម៉ែត្រ(បីពាន់ប្រាំពីរយម៉ែត្រ)

លោកបញ្ជាក់ថាករណីនេះថ្នាក់ដឹកនាំខេត្តបានដាក់បទបញ្ជាយ៉ាងដាច់ខាត ឲ្យសមត្ថកិច្ចជំនាញត្រូវស្រាវជ្រាវឲ្យដល់ឬសគល់ តើជារបស់អ្នកណា?ធ្វើក្នុងគោលបំណងអ្វី?

ជុំវិញករណីខាងលើនេះក្រុមអ្នកតាមដានបរិស្ថានបានកត់សម្គាល់ថា ក្រុមអ្នកលោភលន់ទ្រព្យសម្បត្តិជាតិទាំងនេះពិតជាធ្វើឲ្យថ្នាក់ដឹកនាំឈឺក្បាលមែន ខណៈអាជ្ញាធរកំពុងមមាញឹកយ៉ាងសកម្ម គ្មានពេលសម្រាកទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩,,, ពួកគេបែរជាឆ្លៀតឱកាស កាប់ទន្ទ្រានដីព្រៃរាប់រយហិកតាធ្វើកម្មសិទ្ឋផ្ទាល់ខ្លួន។

នៅក្នុងសាច់រឿងដ៏ក្តៅគគុកខាងលើនេះបើតាមប្រភពដែលរសាត់តាមវាយ្យោក្រៅផ្លូវការថាអ្នកដែលហ៊ានធ្វើសកម្មភាពនេះ (មានតំណែង) (មានតួនាទី)( មានកេរ្តិ៍ឈ្មោះទៀត) (មានទាំងលុយ មានទាំងអំណាច) តែមានចិត្តមិនស្មោះត្រង់ប្រទេសជាតិ គិតតែរឿងបំផ្លាញ រឿងប្រយោជន៏ផ្ទាល់ខ្លួន។

រូបគេបានប្រើមនុស្សស្មោះត្រង់របស់គេពីរនាក់ដែលទទួលខុសត្រូវជួលគ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែនេះត្រូវគេស្គាល់ថាទី១៖មានឈ្មោះថា៖ ប៉ែង ជាឈ្មួញដីធ្លីល្បីឈ្មោះរស់នៅភូមិឡៅកា និងទី២ឈ្មោះ ថេង ជាមន្ត្រីនៅមន្ទីរអភិវឌ្ឍន៏ជនបទខេត្តមណ្ឌលគិរី។

បើយោងតាមការឲ្យដឹង ពីលោក សាយ ករុណា ដែលជាភ្នាក់ងារ ការសែតកោះសន្តិភាពប្រចាំខេត្តមណ្ឌលគិរី ថាឈ្មោះ ថេង បានឲ្យលោកដឹងតាមរយៈបណ្តាញទូរស័ព្ទ ទាំងរដាក់រដុបថា

« ផ្លូវនេះគឺគេជួលខ្លួនឲ្យធ្វើប្រជាពលរដ្ឋអ្នកឲ្យជួយធ្វើខ្ញុំអត់ដឹងដែរ ខ្ញុំគ្រាន់តែជួយរកដាក់គ្រឿងចក្រ ជួយទាក់ទងឲ្យគេក្រុមប្រជាពលរដ្ឋ អត់ដឹងឈ្មោះអីខ្លះ ខ្ញុំអត់លាក់បាំងអីទេ គេមានតំណាងយកលុយឲ្យខ្ញុំខ្ញុំដឹងអត់ច្បាស់ទេ »

ក្រុមអ្នកតាមដានមានសុទិដ្ឋិនិយមថា តម្រុយនៃការវែកមុខរកអ្នកពាក់ព័ន្ឋមានពន្លឺប៉ុណ្ណឹងហើយ ដូច្នេះការដែលអាចវែកមុខជនល្មើសនៅពីក្រោយករណីនេះ យកទៅកាត់ទោសតាមច្បាប់ គឺជារឿងងាយស្រួលហើយយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋទូទៅ ឲ្យធួននិងច្បាប់។

ដ្បិតអ្នកភូមិមួយចំនួនរស់នៅខេត្តមណ្ឌលគិរី កន្លងមកត្រូវបានមន្ត្រីបរិស្ថានខេត្តចាប់ខ្លួនខណៈពួកគេកំពុងដាំដំឡូងមីក្នុងដីចំការយូឆ្នាំហើយផងចាប់ដាក់ទម្ងន់ទោស ហើយយកទៅដាក់ពន្ឋនាគារពីបទល្មើសកាប់រុក្ខរានដីព្រៃខុសច្បាប់នៃក្រមព្រហ្មប្រទណ្ឌមាត្រា៦២ចំណុច១និងមាត្រា៥៦បទល្មើសថ្នាក់ទី៤នៃច្បាប់ស្តីពីតំបន់កាពារធម្មជាតិ ដែលត្រូវជាប់ពន្ធនាគារពី០៥ទៅ១០ឆ្នាំនិងពិន័យប្រាក់ពីដប់ប្រាំលានទៅមួយរយហាសិបលានរៀល។

មហាជនបានដាក់ក្តីសង្ឃឹមទៅលើចំណាត់ការរបស់ឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តខេត្តមណ្ឌលគិរី ដែលឯកឧត្តមមានប្រសាសន៍ក្នុងបទបញ្ជាថាទោះជាជននោះមានកេរ្តិ៍ឈ្មោះតួនាទីអ្វីក៏ត្រូវតែរកឲ្យឃើញចាប់យក មកផ្ដន្ទាទោសឲ្យខានតែបាន។

ពាក់ព័ន្ធករណីខាងលើអង្គភាពយើងមិនអាចស្វែងរកការទាក់ទងណាមួយពីក្រុមអ្នកដែលហ៊ានឈូលដីព្រៃធ្វើផ្លូវគ្មានច្បាប់អនុញ្ញាត្តនោះបានទេ ដោយរកឈ្មោះនិងលេខមិនបាន៕

(សូមបញ្ជាក់ថា៖ រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំគឺផ្សាយដើម្បីរិៈគន់និងស្ថាបនា បើឯកឧត្តមអស់លោក លោក លោស្រីយល់ថាការផ្សាយទៅហើយខុសការពិតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សូមទាក់ទងមកការិយាល័យកណ្តាលតាមរយៈលេខ012926265/0885263333រាល់ម៉ោងធ្វើការ)