អាជីវកម្មរ៉ែមាសក្នុងស្រុករវៀង កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​ផ្ទុយពីច្បាប់​របស់ក្រសួង

(ព្រះវិហារ)៖នៅក្នុងទឹកដីស្រុករវៀងចំណុចភូមិរំដេង ឃុំរមណីយ៍ មានក្រុមឈ្មួកធ្វើអាជីវកម្មរ៉ែមាស ប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។

ប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើ បានឲ្យដឹងថា​” ការជីករណ្តៅរ៉ែមាសជាច្រើនរណ្តៅនៅទីនោះ ម្ចាស់រណ្តៅរ៉ែទាំងអស់យកម៉ាស៊ីនធំៗខ្នាតយក្ស មកប្រើប្រាស់ ហើយគ្រប់រណ្តៅគេបាន​ដាក់រំសេវគ្រឿងបំផ្ទុះ​ដោយសេរី។

ហើយ រណ្តៅនីមួយៗមានជម្រៅរាប់រយម៉ែត្រទៅក្រោម។

ចំណែកម្ចាស់រណ្តៅត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ ទី១ឈ្មោះ ម៉ៅ ទី២ឈ្មោះ ចែមុំ ទី​៣ ឈ្មោះអាត ។​

ប្រជាសហគមន៍បានដាក់ការសង្ស័យថា”អ្វីដែលគួឲ្យកត់សម្គាល់ ការធ្វើអាជីវកម្មរ៉ែមាស ក្នុងសកម្មភាពបំផ្លាញធនធានធម្មជាតិ  ដែលផ្ទុយពីច្បាប់យ៉ាងនេះ  បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន

  ជួយសម្រួល​ឲ្យក្រុម​ម្ចាស់អាជីវកម្មទាំងនោះទេ ពួកគេទាំងនោះមិនអាចធ្វើសកម្មភាពដោយរលូនដូច្នេះបានឡើយ។

  បើទោះជាមានសេចក្តីរាយការណ៍ពីប្រជាសហគមន៍យ៉ាងណា ក៏មិនមានការចុះបង្រ្កាប ឬណែនាំដល់ម្ចាស់រណ្តៅទាំងនោះទាល់តែសោះ  សង្ស័យមន្រ្តីខិលខូចទាំងនោះទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ។​

តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាត្តរបស់ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យសហគមន៍ខួង ឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្ម ការប្រើប្រាស់​សម្ភារៈ ឬឧបករណ៍ និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុនធ្វើការប្រើប្រាស់។

តែអាជីវកម្មនោះកំពុងធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង រីឯការចុះស្រាវជ្រាវ និងពិនិត្យអាជីវកម្មរ៉ែមាសនៅទីតាំងនោះ របស់មន្ទីរជំនាញវិញ ត្រូវបង្ខំបិទភ្នែកធ្វើមិនដឹងមិន​ឮសង្ស័យក្រោម​ទម្ងន់សំណូក​ទឹកប្រាក់របស់ម្ចាស់អាជីវកម្ម។

ពាក់ព័ន្ធករណីនេះលោក យូ ចិន្តាយុទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅថ្ងៃនេះ មិនអាចសុំការទាក់ទងពន្យល់ពីលោកបានទេ ដោយទូរស័ព្ទលោកលេខ0717549177ខលមិនចូល៕

ដោយ៖ ទ្រី សុផល​