ផ្អើលទាំងព្រឹកនៅកណ្តាលក្រុងព្រះវិហារដោយសារបុរសមានសតិមិនគ្រប់ម្នាក់ទិញសាំងចាក់ដុតផ្ទះខ្លួនឯង

ព្រះវិហារ៖ មានការភ្ញាក់ផ្អើលមួយនៅកណ្តាលទីប្រជុំជនក្រុងព្រះវិហារ ដែលបង្ករឲ្យមានអគ្គីភ័យកើតឡើងដោយសារតែមានបុរសសតិមិនគ្រប់ម្នាក់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យខូចខាតលំនៅឋានរបស់ខ្លួនទាំងស្រុង ។ ហេតុការណ៍ខាងលើកើតឡើងនៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នេះបើតាមសាក្សីនៅនឹងកន្លែងកើតហេតុបានរៀបរាប់ថានៅវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ដែលមានសតិមិនគ្រប់ ដែលជាម្ចាស់ផ្ទះ បានមកពីខាងក្រៅផ្ទះ ហើយឃើញមានដបសាំង ស្រាប់តែខណះពេលនោះមិនទាន់បានប៉ុន្មាននាទីផង ក៍ស្រាប់តែមានអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះបងប្អូនសាច់ញាតិក៏បានយកបំពង់ពន្លត់អគ្គីភ័យជួយពន្លត់អស់៣បំពង់ ភ្លើងក៏បានថមថយទៅវិញ តែពេលនេះជនសង្ស័យដែលមានសតិមិនប្រក្រតីបានព្យាយាមយកភួយ មុង ខោអាវ បោះចូលក្នុងភ្នក់ភ្លើងបន្ថែមទៀត បង្កអោយអណ្តាតភ្លើងឆេះកាន់តែខ្លាំងគ្រប់គ្រងស្ថានភាពលែងបានតែម្តង។

ភ្លាមនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏បានចាត់អោយកងកម្លាំងគ្រប់ប្រភេទចេញអន្តរាគមន៍បន្ទាន់ តែដោយសារស្ថានភាពភ្លើងមានសភាពឆេះខ្លាំងមិនអាចជួយពន្លត់បានទេ ទើបធ្វើអោយលំនៅឋាននោះឆេះស្ទើទាំងស្រុងទៅហើយ  ។ ឯកឧត្តមបន្ថែមថាទោះជាបែបនេះក្តីកម្លាំងអន្តរាគមន៍បានជួយទប់ស្កាត់អគ្គីភ័យនេះមិនអោយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ 

សូមបញ្ជាក់ថាអគ្គីភ័យខាងលើពុំមានអ្នកណាម្នាក់រងរបួសរឺក៍គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីហេតុការនេះបានកើតឡើង ៕ ដោយ៖ ទ្រី សុផល