Top News

បុរសម្នាក់ត្រូវដំរីព្រៃជាន់ស្លាប់យ៉ាងអណោធអធម៏ម្នាក់ឯង..



 បុរសម្នាក់ត្រូវដំរីព្រៃជាន់ស្លាប់យ៉ាងអណោធអធម៏ម្នាក់ឯង

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ត្រូវបានដំរីព្រៃជាន់ស្លាប់ ខណៈចូលទៅដាក់អន្ទាក់មាន់ព្រៃគ្រាន់ទុកធ្វើម្ហូប ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៧ និង០០នាទីព្រឹក នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍នៅរសៀលថ្ងៃទី១៤ ខែមករា បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋស្លាប់ចំនួនម្នាក់ដោយសារដំរីជាន់ ជនរងគ្រោះឈ្មោះ ព្លឹង គោញ  ភេទប្រុស កើតឆ្នាំ១៩៧៣ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។សេចក្តីរាយការបន្តថា យោងតាមការបញ្ជាក់ពីកូនរបស់ជនរងគ្រោះ ដែលបានទៅរកឃើញសព ឪពុករបស់ខ្លួន ដែលបានចូលទៅក្នុងព្រៃម្នាក់ឯងដើម្បីទៅដាក់អន្ទាក់មាន់ព្រៃដើម្បីយកមកធ្វើម្ហូប ប៉ុន្តែរហូតដល់យប់ក៏មិនឃើញឪពុកខ្លួនត្រឡប់មកផ្ទះវិញសោះ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលបងប្អូនដើម្បីទៅតាមរកឪពុករបស់ខ្លួនដែលបានបាត់ ពេលដែលខ្លួនកំពុងដើររកដល់ ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ក៏បានប្រទះឃើញសពរបស់ឪពុក បានដេកស្លាប់នៅលើដី  ភ្លាមនោះពូរបស់ខ្លួនឈ្មោះ លើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចាដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច។


ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានទទួលព័ត៌មានពីប្រជាការពារភូមិ នៅវេលាម៉ោង១០ និង២៥នាទី ថា មានករណីមនុស្សស្លាប់នៅចំណុចអូរច្រាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ។ក្រោយពេលពិនិត្យសាកសពសមត្ថកិច្ចសន្និដ្ឋានថា ឈ្មោះ ព្លឹង គោញ ពិតជាស្លាប់ដោយសារដំរីជាន់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ ដោយមានស្លាកស្នាមជើងដំរីជាន់នៅចំណុច មុខ ជើង និងពោះ៕




Post a Comment

Previous Post Next Post

Kdaily-news ads