(កណ្ដាល)៖ ករណីហិង្សាវ៉ៃតបគ្នាបង្កឡើងដោយក្រុមមន្ត្រីសាលាស្រុកលើកដែក មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកលើកដែកដោយបានហៅយុវជនម្នាក់ទៅធាក់ ទាត់ វ៉ៃដល់ក្នុងបន្ទប់ទឹក គេចពីកាំមេរ៉ាសុវត្ថិភាព រហូតដល់ខាងក្រៅក្លឹប និងបានវ៉ៃធាក់ទាត់លើយុវជនម្នាក់ទៀតដោយចាប់បង្ខំឲ្យគេលត់ជង្គង់ និងបានបើកឡានសារ៉ែននគរបាលដេញតាមរក និងបានប្រើកាំភ្លើងបាញ់គំរាមមួយគ្រាប់នៅមុខផ្ទះគេបណ្ដាលឲ្យផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលយប់ មកទល់ពេលនេះ
កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែកដែលមានលោកវរសេនីយ៍ឯក អាំ ធូ ជាអធិការ និងលោក ចាប ច័ន្ទវិទ្យា ជាអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលើកដែក នៅមិនទាន់បង្ក្រាបបានក្រុមជនបង្កពិតប្រាកដនៅក្នុងអំពើហិង្សាខាងលើនោអនៅឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាមប្រភពបានឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្នុងក្លឹប ខារ៉ាអូខេ អាហារដ្ឋាន ផ្ទះសំណាក់ មីស្ទើរលេង (Mr. Leng) ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
តាមប្រភពបានឲ្យដឹងបន្តថា ក្រុមបង្កហិង្សាក្នុងហេតុការណ៍ខាងលើមានគ្នីគ្នា៧នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៣នាក់ ដែលមានមន្ត្រីសាលាស្រុកដែលបានបង្កអំពើហិង្សារូបនោះ ឈ្មោះ លុច ពន្លឺ ជាមន្ត្រីទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៃរដ្ឋបាលសាលាស្រុកលើកដែក, ឈ្មោះ លុច ផល្លីន ជាមន្ត្រីនគរបាលចរាចរណ៍ជាអ្នកបាញ់គំរាម, ឈ្មោះ លុច បូរុណ ដែលបានស្រែកអះអាងគំរាមថា ខ្លួនជាមេគុកខេត្តកណ្ដាល និងមានបុរសម្នាក់ទៀតដែលជាដឹកនារីចំនួន៣នាក់ជម្លៀសចេញពីកន្លែងកើតហេតុយ៉ាងតក់ក្រហល់បាត់ស្រមោលសូន្យឈឹង។
ប្រភពបានបន្តថា ជនរងគ្រោះមានចំនួន២នាក់៖ ១-ឈ្មោះ គុជ សុជាតា ភេទប្រុស អាយុុ៣៥ឆ្នាំ ជាអ្នកដើររោងការនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ និង២-ឈ្មោះ សារិន សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាជាងដែក នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា មន្ត្រីសាលាស្រុកឈ្មោះ លុច ពន្លឺ បានឲ្យគ្នីគ្នាហៅឈ្មោះ គុជ សុជាតា ទៅក្នុងបន្ទប់ទឹក នៅពេលដែលឈ្មោះ គុជ សុជាតា ដើរដល់ក្នុងបន្ទប់ទឹក ស្រាប់តែ ឈ្មោះ លុច ពន្លឺ បានធាក់ទៅលើឈ្មោះ គុជ សុជាតា មួយជើងចំក្បាលពោះបណ្ដាលឲ្យដួល ក្រោយមកក៏មានការវ៉ៃប្រតាយប្រតប់គ្នាទៅវិញទៅមក ទើបបណ្ដាលឲ្យឈ្មោះ លុច ពន្លឺ ត្រូវមួយដៃរបស់ឈ្មោះ គុជ សុជាតា ចំមាត់តែគ្មានស្លាកស្នាម ហើយក៏ត្រូវអ្នកនៅក្នុងហេតុការណ៍នោះ ជួយឃាត់ទាំងសងខាង កុំឲ្យមានការវ៉ៃតប់គ្នាបន្តទៀត។ ក្រោយមកភាគីទាំង២ ក៏បានចេញមកខាងក្រៅក្លឹប Mr. Leng ទាំងអស់គ្នា។
បើតាមលោក លុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែកបានប្រាប់ សារព័ត៌មាន ឲ្យដឹងតាមទូរស័ព្ទថា កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោកបានទៅហូបចុកលក្ខណៈគ្រួសារ មានគ្នា៦នាក់ ក្នុងនោះមានស្រី៣នាក់ ហើយក៏ស្រាប់តែលេចមុខភាគីម្ខាងទៀតមានគ្នាជិត១០នាក់អត់មានស្រីទេ ស្រែកឡូឡាចុះឡើងៗ ហើយលោកបានប្រាប់សន្តិសុខថា បើវាស្រវឹងហើយ ឲ្យវាទៅផ្ទះទៅ តែវាមិនទៅហើយ វាបែរជាជេរប្រមាថដល់ម្ដាយរបស់លោកប្រហែលជាកន្លះម៉ោង។ មន្ត្រីរូបនេះបន្តថា លោកមិនបានបង្ខំឲ្យលត់ជង្គង់ទេ មកពីវាហ្នឹងបង្កលក្ខណៈឲ្យលោកពិបាក ហើយនៅខ្ទង់ម៉ោងប្រហែល១០យប់ លោកក៏ចូលបន្ទប់ទឹក ខណៈនោះលោកក៏បានជួបភាគីស្រែកឡូឡាឈ្មោះតា ក៏បាននិយាយប្រាប់ថា ហូបចុកឲ្យស្រួលបួលទៅ ហូបឲ្យសប្បាយទាំងអស់គ្នាទៅ កុំនាំគ្នាស្រែកឡូឡាអញ្ចឹង គេក៏សប្បាយ យើងក៏ចង់សប្បាយ មិនមែនភ្ញៀវតិចទេ មានភ្ញៀវបួនប្រាំតុឯណោះ ពេលនោះលោកក៏ជន្លរកវ៉ៃឈ្មោះតា តែមិនបានវ៉ៃទេ គ្រាន់តែជន្លប៉ុណ្ណោះ ស្រាប់តែខាងគេម៉ាត់លោក១ដៃមាំងឡើងបែកមាត់។ ហើយខ្ទង់ម៉ោង១១ ក៏បាននាំគ្នាចេញមកខាងក្រៅក្លឹបក៏បានវ៉ៃគ្នាមួយប្រាវទៀត ហើយបន្ទាប់មកលោកក៏បានទៅដាក់ពាក្យប្ដឹងនៅនាយប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ដើម្បីឲ្យជួយស្វែងរកយុត្តិធម៌។ហើយបើមិនជឿឆែកកាំមេរ៉ាមើលទៅ ឃើញហើយ។
បើតាមប្រភពពីឈ្មោះ សារិន សាវឿន ជាជនរងគ្រោះក្នុងហេតុការណ៍ខាងលើបានរៀបរាប់ឲ្យដឹងថា ក្រោយពីឃើញមិត្តភ័ក្ដរបស់ខ្លួនឈ្មោះ គុជ សុជាតា ត្រូវបានក្រុមមន្ត្រីសាលាស្រុកលើកដែកឈ្មោះ លុច ពន្លឺ បានប្រើអំពើហិង្សាទៅលើ លោកក៏បានចេញជួយហាមឃាត់ដើម្បីកុំឲ្យមានការឈ្លោះប្រកែកឬវ៉ៃតប់គ្នាបន្តទៀត ស្រាប់តែពេលនោះក្រុមបក្ខពួករបស់ លុច ពន្លឺ បានវាយកញ្ចឹងកលោកមួយដៃ ហើយធាក់បីបួនជើងបណ្ដាលឲ្យដូល រួចឈ្មោះ លុច ពន្លឺ ស្រែកឲ្យបក្ខពួករបស់ខ្លួនចាប់បង្ខំឲ្យលោកលត់ជង្គង់។
ពាក់ព័ន្ធករណីអំពើហិង្សានៅក្នុងក្លឹប Mr. Leng លោកយាយវ័យ៧០ឆ្នាំឈ្មោះ គុជ ពុធ ដែលត្រូវម្ដាយរបស់ឈ្មោះ គុជ សុជាតា បានឲ្យដឹងដែរថា នៅវេលាម៉ោងខ្ទង់១២៖១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គាត់បានឃើញមនុស្ស២នាក់បើកឡានប៉ូលិសមកឈប់និងបានបញ្ចាំងភ្លើងចូលក្នុងផ្ទះរបស់គាត់ដោយបានស្រែករកឈ្មោះ គុជ សុជាតា ដែលជាកូនប្រុសរបស់គាត់ ក្រោយមកក៏មានការផ្ទុះអាវុធមួយគ្រាប់នៅពីមុខផ្ទះរបស់គាត់ផងដែរ។
ប្រភពពីអ្នកភូមិបានខ្សឹបឲ្យដឹងដែរថា គាត់ពិតជាបានលឺស្នូរកាំភ្លើងផ្ទុយឡើងមួយគ្រាប់ពិតមែនកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខណៈពេលដែលគាត់កំពុងសម្រាន្ត។ លឺដូច្នោះ គាត់ក៏បានចេញទៅមើលផងដែរ។
បើតាមប្រភពបានឲ្យដឹងទៀតថា លុះព្រឹកឡើងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកភូមិក៏បានរកឃើញសំបកគ្រាប់កាំភ្លើងដែលឈ្មោះ លុច ផល្លីន បានបាញ់គំរាមកាលពីយប់ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើល។
ពាក់ព័ន្ធអំពើហិង្សានិងបាញ់បោះខាងលើនេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានឲ្យ The Mirror News ដឹងតាមតេលេក្រាមថា «រាស្ត្រជាអ្នកណា? សុំអោយច្បាស់បង សុំបងយកព័ត៌មានអោយច្បាស់សិន! ករណីនេះតាមព័ត៌មាន ទទួលបានគឺអ្នកដែលវ៉ៃនោះជាអ្នកបង្ក! កុំចោទដោយគ្មានមូលដ្ឋានបង
ជំនាញកំពុងចាប់ជនល្មើស!»។
បើតាមលោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែកបានឲ្យដឹងថា ករណីវ៉ៃតប់គ្នាខាងលើនេះ លោកក្ដាប់មិនទាន់ជុំនោះទេ តែលោកក្ដាប់បានខ្លះថា ពីរនាក់នឹងពួកគេស្គាល់គ្នាទេ ហើយនៅក្នុងបន្ទប់ទឹក នៃក្លឹបខាងលើ ឈ្មោះពន្លឺក៏បានដេញទាត់ជើងអាមួយនោះលេងពេលនឹង ក៏បានទាស់ពាក្យសម្ដីគ្នា ហើយបានវ៉ៃប្រតាយប្រតប់ៗគ្នាទៅ ហើយក៏បានវ៉ៃឈ្មោះពន្លឺត្រូវមួយដៃត្រង់មាត់ ហើយក៏មានគេជួយចាប់ឃាត់រៀងខ្លួនទៅ។ ហើយពេលកម្លាំងលោកទៅដល់កន្លែងកើតហេតុក្រុមអ្នកប្រតាយប្រតប់ក៏នាំគ្នាទៅផ្ទះអស់រកមិនឃើញ។ លោកបានបញ្ជាក់ថា លោកពន្លឺពិតជាបាននៅខាងក្នុងក្លឹបប្រាកដមែនក្នុងម៉ោងកើតហេតុនឹង។ ហើយលោកបានកំពុងតែស្រាវជ្រាវរកសាក្សីឲ្យចូលរួមពាក់ព័ន្ធករណីវ៉ៃគេរហូតលត់ជង្គង់នេះ។
ទាក់ទិនករណីខាងលើនេះ រហូតមកទល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែកបានបញ្ជាក់ឲ្យ សារព័ត៌មានដឹងថា លោកមិនទាន់អាចបំភ្លឺបានទេ ព្រោះលោកក្ដាប់មិនទាន់ជុំដដែល។
ជុំវិញករណីខាងលើនេះ តើថ្នាក់ដឹកនាំនឹងមានចំណាត់ការបែបណាចំពោះឈ្មោះ លុច ពន្លឺ , លុច ផល្លីន និងបក្ខពួក៕
Post a Comment