Top News

តើស្ត្រីជាមេល្បែងជល់មាន់អនឡាញនៅសង្កាត់សិត្បូពិតជាមានអំណាចខ្លាំងរហូតធ្វើឲ្យរដ្ឋបាលសង្កាត់សិត្បូលាន់មាត់ដាក់ហ្វេសប៊ុកថា «ឈប់បានឈប់ទៅ ហេតុអ្វីក៏ពិបាកជាងវែកចកទៅទៀត ឬមួយមិនខ្លាចអាជ្ញាធរទេ ហើយបើមិនខ្លាចមកពីហេតុអ្វី?»




(កណ្ដាល)៖ តើស្ត្រីជាមេល្បែងជល់មាន់អនឡាញនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅពិតជាមានអំណាចខ្លាំងរហូតធ្វើឲ្យរដ្ឋបាលសង្កាត់សិត្បូលន់មាត់ដាក់លើទំព័រហ្វេសប៊ុកថា «ឈប់បានឈប់ទៅ ហេតុអ្វីក៏ពិបាកជាងវែកចកទៅទៀត ឬមួយមិនខ្លាចអាជ្ញាធរទេ ហើយបើមិនខ្លាចមកពីហេតុអ្វី?»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ 

បើតាមប្រភពពីរដ្ឋបាលសង្កាត់សិត្បូបានលើកឡើងថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចផ្ទះឈ្មោះ ញ៉េប ចាន់ធី ភេទស្រី អាយុ៤១ឆ្នាំមានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មាករណីបើកល្បែងជល់មាន់អនឡាញ។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ លោក មឿង សារ៉ុន ចៅសង្កាត់ស្តីទី បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ចុះឃ.ា.ត់ខ្លួនបានស្រ្តីជាបុគ្គលិកល្បែងជល់មាន់អនឡាញម្នាក់ ឈ្មោះ ធិន ស្រីស ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពខាងលើបន្តថា បន្ទាប់ពីឃាត់ខ្លួន រួចមកក៏បានឲ្យសមត្ថកិច្ចប៉ុស្តី៍យកស្ត្រីខាងលើទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល ក្រោយពីបានធ្វើកំណត់ហេតុ ចាប់យកវត្ថុតាងរួចមក លោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលសិត្បូ បានធ្វើការបញ្ជូនស្រ្តីខាងលើទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ 

នៅក្នុងរបាយការណ៍របស់រដ្ឋបាលសង្កាត់សិត្បូបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំសង្កាត់លោក មឿង សារ៉ុន ចៅសង្កាត់ស្តីទីបានស្នើសុំលោកអភិបាលក្រុងតាខ្មៅចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះពេលកម្លាំងរដ្ឋបាលសង្កាត់ចុះឃាត់ខ្លួនស្រ្តីខាងលើហាក់មិនញញើតអ្វីបន្តិចសោះ និងមិនបានសហការជាមួយអាជ្ញាធរឡើយ។ ចំពោះម្ចាស់ផ្ទះបានឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ធ្វើកិច្ចសន្យានៅពេលក្រោយ។

បើតាមប្រភពបានឲ្យដឹងថា ក្រោយចាប់ឃាត់ខ្លួនបាន២ម៉ោង ស្ត្រីជាមេល្បែងជល់មាន់អនឡាញខាងលើ គឺត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញហើយ។

បើតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនគរបាលខេត្តកណ្ដាលបានឲ្យ ដឹងនៅយប់នេះថា លោកពុំទាន់បានទទួលរបាយការណ៍នៅឡើយ។


ពាក់ព័ន្ធករណីខាងលើនេះបើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៖ *បើតាមមាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ *បើតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ *បើតាមមាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ *បើតាមមាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា។ *បើតាមមាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ៕ដោយ៖ ជួប សីលា









Post a Comment

Previous Post Next Post

Kdaily-news ads