បន្ទាយមានជ័យ៖ ជនជាតិថៃ ចំនួនពីរនាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារ ពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ដែលបណ្តាលឲ្យបុរសជនជាតិថៃម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរត់គេចខ្លួនរួច។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ២៦ខែធ្នូ ឆ្នាំ ២០២៤ នៅតាមផ្លូវស្ថិតក្នុងភូមិ ប៉ាលិលេយ្យពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលដែលស្នូរផ្ទុះអាវុធប្រាវស្មានតែដុតផាវហើយស្ទុះចេញមកមើលឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម និងម្នាក់ទៀតរត់ស្រែកឲ្យគេជួយក្នុងចំណោម ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក់ស៊ូម័រអ៊ិច។
ប្រភពដដែល បានបញ្ជាក់ថា ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានអ្នករួមដំណើរដឹកទៅកាន់គ្លីនិកឯកជននៅក្បែរកន្លែងកើតហេតុ ដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យឯកជនឲ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត (ដីថ្មី) ដើម្បីសង្គ្រោះបន្ទាន់តែត្រូវបានស្លាប់។
ប្រភពខាងលើនេះបានបន្តថា នៅពេលដែលឃាតករបាញ់ទៅលើជនរងគ្រោះបានជិះម៉ូតូម៉ាក់ស៊ូម័រអ៊ិច ក្នុងចំណោម ២នាក់ ក្នុងនោះម្នាក់ជាស្ត្រីជនជាតិថៃ ពេលជិះម៉ូតូតាមផ្លូវត្រូវបានឃាតករ ២នាក់ជិះម៉ូតូ១គ្រឿង តាមពីក្រោយហើយបាញ់ប្រហារទៅលើជនរងគ្រោះតែម្តង ដែលបណ្តាលឲ្យម្នាក់ជាបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ តែក្រោយបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់។
ជុំវិញករណីនេះ លោក ព្រហ្ម ពិសិទ្ឋ អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ពិតជាមានករណីបាញ់ប្រហារនេះកើតឡើងមែន ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកជនដៃដល់មកផ្តន្ទារទោសតាមច្បាប់។
បើតាមការសន្និដ្ឋានបឋមពីសមត្ថកិច្ច ករណីនេះ អាចជនជាតិថៃដូចគ្នាបាញ់ប្រហារព្រោះតែរឿងគំនុំ៕
Post a Comment