Top News

លោកឪពុកផឹកស្រាបៀរ ហើយប្រដៅកូនកុំឲ្យជក់ថ្នាំញៀនត្រូវកូនកាប់បណ្ដាលឲ្យរបួសធ្ងន់..




ខេត្តត្បូងឃ្មុំ៖ បុរសជាឪពុកម្នាក់ឃើញកូនប្រើប្រាស់គ្រឿងញៀនក៏បាននិយាយប្រដៅកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។ តែកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាយកកាំបិតប័ុងតោ មកកាប់ប្រហារត្រូវក្បាលឪពុកបណ្ដាលឱ្យរបួសធ្ងន់ទៅវិញ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់។ ក្រោយមក ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច ជនដៃដល់ជាកូនត្រូវបានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងព្រះរាជអាជរងអមសាលាដំបូងខេត្ត។


មន្ត្រីនគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា មួយរយៈពេលនេះឪពុកបានឃើញទង្វើរបស់កូនប្រុសជក់ថ្នាំញៀន ជាញឹកញាប់ ហើយដោយខ្លាចមានបញ្ហាដល់ក្រុមគ្រួសារឪពុកបាននិយាយប្រដៅណែនាំជារឿយៗ តែកូនប្រុសមិនខ្ចីយកត្រចៀកស្ដាប់។ ជាក់ស្ដែងនៅយប់ថ្ងៃកើតហេតុបុរសជាឪពុក បានទិញស្រាបៀរមកផឹកអស់៥ ទៅ ៦កំប៉ុងរាងស្រវឹងស្រឿងៗ ក៏បានណែនាំកូនកុំឲ្យជក់ថ្នាំញៀនបន្តទៀត។ តែទីបំផុតកូនប្រុសធុញហ្នឹងឪពុកនិយាយដដែលៗ ក៏យកកាំបិតប័ុងតោ មកកាប់ប្រហារលើឪពុកបង្កហើយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ប៉ុស្តិ៍នគរបាល រដ្ឋបាលមេមត់ បានទទួលព័ត៌មានពីលោកមេភូមិណង់ក្រពើ ឃុំមេមត់ ថាមានករណីប្រើអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះរបស់ឈ្មោះ ដួង គ្រីន ភេទប្រុស ស្ថិតនៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប្រើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស មួយករណីកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម សុផាត់ ភេទប្រុស អាយុ២១ឆ្នាំ  រស់នៅភូមិណង់ក្រពើ ឃុំមេមត់ បានធ្វើសកម្មភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ដួង គ្រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់  (ឪពុកបង្កើត) បណ្តាលឲ្យមាន ស្នាមរបួសរយះដាច់លើក្បាលខាងក្រោយ ១ កន្លែង (ធំវែង)និងស្មាខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។

មូលហេតុដោយសារជនរងគ្រោះផឹកស្រាស្រវឹងហើយណែនាំជនសង្ស័យជា កូន កុំឲ្យជក់គ្រឿងញៀនតទៅ ទៀត ទើបឈ្លោះប្រកែកគ្នា ត្រូវបានជនសង្ស័យជាកូនធ្វើសកម្មភាពតែម្តង។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានចុះដល់កន្លែងកើតហេតុ ហៅនាំជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក ឡាយ ឃាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបញ្ជាក់ថា តាមរយៈការស្រាវជ្រាវឃើញថាកូនប្រុសរបស់ជនរងគ្រោះនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ហើយមិនទាន់មានមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចនៅ ឡើយទេ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ធ្នូ នេះ កូនប្រុសចិត្តអប្រិយរូបនេះត្រូវបានកម្លាំងជំនាញបំពេញបែបបទបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕



Post a Comment

Previous Post Next Post

Kdaily-news ads