កណ្តាល៖ ជនសង្ស័យមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ រយៈពេល០៥ខែ ពីបទ រក្សាទុកប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ពេលបានចេញមកវិញមិនកែប្រែ និងត្រូវសមត្ថកិច្ចតាមប្រមាញ់គ្នីគ្នាម្នាក់បន្ថែមទៀតរហូតដល់ខេត្តកំពង់ឆ្នាំង ។ ដោយហេតុការណ៏ខាងលើ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងឈានទៅឃាត់ខ្លួនបានគ្នីគ្នាជាជនសង្ស័យម្នាក់បន្ថែមទៀតនៅវេលាម៉ោង ១៣និង៤៥នាទីថ្ងៃដដែល នៅចំណុចភូមិពារាជ្យ ឃុំសេដ្ធី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៏ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់អោយដឹងថា ÷ ជនសង្ស័យមានចំនួន០២នាក់ : ១-ឈ្មោះ មៀច ភារៈ (ហៅអូន) ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល០៥ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរៀងចាល) (វិជ្ជមានសារធាតុញៀន) ។ ២- ឈ្មោះ ម៉ុន សុខគីម ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(វិជ្ជមានសារធាតុញៀន) មានទីលំនៅភូមិពារាជ្យ ឃុំសេដ្ធី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សម្ភារៈនិងវត្ថុតាងចាប់យករួមមាន ៖
គោលដៅទី១÷ សារធាតុញៀនមេតំហ្វេតាមីន (ICE) ០១កញ្ចប់មធ្យម ទម្ងន់សរុប១,៨៧ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង,ឧបករណ៍ប្រើប្រាប់គ្រឿងញៀនមួយចំនួនតូច, កាបូបតូចដាក់ថ្នាំញៀនចំនួន០១ ។
គោលដៅទី២÷ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនតូច,ទូរស័ព្ទចំនួន០១គ្រឿងម៉ាក iphone,ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA WAVS ពាក់ស្លាកលេខ ឧ.មានជ័យ 1A-9564 ។
លោកអធិការបន្តទៀតថា ÷ ចំពោះជនសង្ស័យឈ្មោះ មៀច ភារៈ (ហៅអូន) ត្រូវបានកម្លាំងល្បាតជួបនៅទីតាំងកើតហេតុខាងលើ ដោយបានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់មធ្យម ដែលខ្លួនបានទិញពីឈ្មោះ ម៉ុន សុខគីម ( ហៅ ម៉ាញ)ក្នុងតំលៃ 250000៛( ម្ភៃប្រាំម៉ឺនរៀល )ដោយទាក់ទងគ្នាតាមទូរសព្ទ័ ហើយម៉ុន សុខគីម បានជិះម៉ូតូម៉ាក Honda Wave ពាក់ស្លាកលេខ ឧ.មានជ័យ 1A- 9564 ជិះពីកំពង់ឆ្នាំងយកមកអោយខ្លួននៅ ម្តុំព្រៃកៀន ខាងក្រោយភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ដោយខ្លួនលក់បន្តបានតំលៃ 300000៛ (សាមសិបម៉ឺនរៀល) ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា÷ ដោយបានការអនុញ្ញាតិនិងសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងទទួលការបញ្ជាដឹកនាំដោយឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅវេលាម៉ោង១៣និង៤០នាទីថ្ងៃដដែល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮ បានពន្លាតដែនដីសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយអោយ ឈ្មោះ មៀច ភារៈ(ហៅអូន) ខលទូរសព្ទ័ប្រាប់ ឈ្មោះ ម៉ុន សុខគីម ថា ខ្លួនបានមកដល់ហើយ មានលុយ ៣០ម៉ឺនរៀល មកទិញថ្នាំញៀន សូមយកមកអោយផង ពេលនោះ ម៉ុន សុខគីម ក៏បានយកថ្នាំញៀន មកលក់អោយ មៀច ភារៈ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាំពួនស្ទាក់ ឃាត់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ÷ ពួកខ្លួនធ្លាប់ទៅទិញថ្នាំញៀនជាមួយគ្នាពីជនមិនស្គាល់ឈ្មោះ ចំនួនពីរដង (មួយកញ្ចប់តំលៃ ៨ម៉ឺនរៀល) នៅខេត្តកំពង់ស្ពឺ យកមកប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានយកមករក្សាទុកនៅអធិការនគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តតាមនីតិវិធី៕ ( ដោយ ៖ ជួប សីលា)
Post a Comment