កណ្តាល៖ ប្រពន្ធបានត្រឹមអង្គុយយុំដូចទូលទុក្ខប៉ុនភ្នំ ឃុំគ្រងលើប្រាណ ដោយប្តីចិត្តសាមាណ ផឹកស្រាស្រវឹងខឹងនឹងប្រពន្ធ បែជាដុតផ្ទះខ្លួនឯងឆេះម៉ត់ ដោយហេតុការណ៏ អគ្គីភ័យដ៏អាក្រក់ខាងលើ បានកើតឡើងនៅវេលាម៉ោង ១៨និង៤០នាទីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ នៅចំណុច ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
សមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអធិការដ្ធាននគរបាលស្រុកល្វាឯម បានប្រាប់អោយដឹងថា ÷ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ
ចាន់ ណារី (ជាប្រពន្ធ) អាយុ៥៨ឆ្នាំ មុខរបរជាកសិករ និងឈ្មោះ ខន សុជាតិ ( ជាប្តី) អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំហេតុ ។
សមត្ថកិច្ចបានប្រាប់បន្តទៀតថា ÷ លំនៅដ្ធានដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហុំ ៤ម × ៦ម សង់ពីឈើប្រក់សង្ក័សី ត្រូវបានឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឯកសារ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត គ្មានសល់អ្វីឡើយ ។
នៅក្នុងប្រតិបត្តិការណ៏ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ធាននគរបាលស្រុកល្វាឯមចំនួន០២គ្រឿង ដោយភ្លើងត្រូវបានរលត់ មិនរាលដាលទៅផ្ទះផ្សេង និងក៏មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សសត្វនោះឡើយ ។
សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ÷ ករណីអគ្គីភ័យខាងលើ គឺដើមចម បណ្តាលមកពី លោក ខន សុជាតិ ដែលជាប្តី ផឹកស្រាស្រវឹង ខឹងនឹងប្រពន្ធ រួចក៏ដុតផ្ទះខ្លួនឯងចោលតែម្តង ៕
( ដោយ៖ ជួប សិលា)
Post a Comment