ខេត្តមណ្ឌលគីរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បុរសម្នាក់ ត្រូវបានខ្សែភ្លើងដែលខ្លួនបានរាយដាក់អន្ទាក់សត្វបែរជាឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចភ្នំក្រាទូក ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រភពដដែលបន្តថា បុរសដែលជាជនរងគ្រោះមានឈ្មោះ ណ្អើប តូន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានខ្សែភ្លើងដែលខ្លួនបានរាយឆក់សត្វក៏បានឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
យោងតាមការឆ្លេីយបំភ្លឺរបស់ឈ្មោះ កេត ធ្វិញ ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ បានធ្វេីការបំភ្លឺប្រាប់សមត្ថកិច្ចយើងថា៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០នាទី ប្តីរបស់ខ្លួនបានទៅដាក់អន្ទាក់ស្វានៅចំណុចចំការស្រូវ ភ្នំក្រាទូក ដោយមានសម្ភារៈមួយចំនួនដូចខាងក្រោម៖
១- អាគុយ ១២០ អំពែរ ចំនួន(០១)។
២- ខ្សែលួស ចំនួន ០៣ដុំ ។
៣- ដុំឆក់ ចំនួន (០១)។
ប្រភពដដែលបន្តថា រហូតដល់ម៉ោង ជាង៧យប់ថ្ងៃដដែលគាត់ដែលជាប្រពន្ធមិនឃេីញប្តីវិលត្រឡប់មកផ្ទះវិញស្មានតែប្តីដេីរផឹកតាមផ្ទះគេ ព្រោះគាត់ធ្លាប់តែអញ្ជឹង។ លុះដល់ព្រឹកឡេីងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៥ ទៀបភ្លឺនៅតែមិនឃេីញប្តីត្រឡប់មកផ្ទះវិញ នាងខ្ញុំក៏មានការសង្ស័យថាក្រែងគាត់ឆក់ខ្សែអន្ទាក់ដែលគាត់បានដាក់ ក៏ទៅតាមរកជាមួយកូន។ ដេីរតាមខ្សែលួសដែលដាក់ជាប់ចម្ការស្រូវ ពេលដេីរដល់ក្បាលចម្ការក៏បានប្រទះឃេីញប្តីរបស់នាងខ្ញុំដេកស្លាប់ផ្កាប់មុខ ដោយជេីងខាងឆ្វេងជាន់លេីខ្សែភ្លើងដែលគាត់បានរាយនោះនៅក្រោមដេីមប្ញស្សីឃ្លៃ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវៈយវៈ ពុំមានស្លាកស្នាម ដាច់ ឬរលាត់នៅលើ សាកសពក្រៅពីស្លាកស្នាមត្រង់ចំណុចកែងជេីងឡើយ គឺមានស្នាមជាំខ្មៅដោយខ្សែលួសឆក់ទើបសន្និដ្ឋានបានថាសពខាងលើពិតជាត្រូវបានខ្សែលួសដាក់ អន្ទាក់ឆក់ខ្លួនឯងស្លាប់ប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕
Post a Comment