ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ កំពុងចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនបង្កការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់៥នាក់ បានស្លាប់យ៉ាអណោចអធម បន្ទាប់ពីរថយន្តធន់ធ្ងន់១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិ១ខ្សែ នាវេលាម៉ោងជាង៩យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ផ្លូវចូលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍ដ៏រន្ធត់នេះ បានបណ្តាលឲ្យជនរងគ្រោះ៥នាក់ ដែលកំពុងដឹកគ្នាក្នុងនោះស្ត្រីវ័យចំណាស់២នាក់ និងកុមារាកុមារី៣នាក់ បានស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗ។
ទិដ្ឋភាពនៅកន្លែងកើតហេតុ បានបង្ហាញថា រថយន្តបង្កក្រោយបានបុករះរួច បានអូសម៉ូតូ និងសពជនរងគ្រោះជាច្រើនម៉ែត្ររាយប៉ាយនៅលើដងផ្លូវ ហើយរថយន្តបង្កបានគេចចេញពីទីកើតហេតុដោយសុវត្ថិភាព។
ក្រោយទទួលបានដំណឹងគ្រោះថ្នាក់នោះភ្លាម, កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានចុះទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការវាស់វែង ប្រមូលសាកសពជនរងគ្រោះទាំង៥នាក់ យកមកតម្កល់ទុកនៅវត្តសេះសរ ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរក និងប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់ថា សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះទាំង៥នាក់ ឃើញហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់រស់នៅភូមិអូរព្រះ ឃុំអូរព្រះ ស្រុកអូរគ្រៀងសែនជ័យ។
ជនរងគ្រោះទាំង៥នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពាក់ស្លាកលេខ ក្រចេះ 1G-2668។ ដោយឡែក រថយន្តបង្កបានរកឃើញហើយ ជាប្រភេទV1 ហើយតៃកុងរថយន្តបានរត់គេចខ្លួន ខណៈកម្លាំងសមត្ថកិច្ច កំពុងបន្តចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនបង្ក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
Post a Comment