ភ្នំពេញ៖ ស្ត្រីម្នាក់បានជិះម៉ូតូ១គ្រឿងតាមផ្លូវតែម្នាក់ឯង ដោយគាត់បានក្រវាត់កាបូបលុយជាប់ចង្កេះផងដែរ ខណៈនោះស្រាប់តែមានចោរម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងទិសដៅស្របគ្នាទៅ
ពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច ។ ប៉ុន្តែបានបណ្ដាលឲ្យស្ត្រីខាងលើដួលម៉ូតូច្រងាប់ច្រងិល រងរបួសយ៉ាងដំណំ ចំណែកចោរអត់ដួលនោះទេ រួចបានយកកាបូបជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចផ្លូវរថភ្លើងខ្សែភ្នំពេញ-ព្រះសីហនុ មុខបុរីញូវថោន ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីម្នាក់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គាត់មានអាយុប្រមាណជាង៤០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកSuzuki Let’s ពណ៍ស លាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HI-9869 ។ បាត់បង់កាបូបក្រវាត់ចង្កេះ១ ដែលនៅក្នុងកាបូបនោះមានប្រាក់ចំនួន៥ម៉ឺនរៀល ទូរស័ព្ទម៉ាកណូគាអិនចុចពិល១គ្រឿង និងម៉ាកអូប៉ូ១គ្រឿង ។ ដោយឡែជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅមិនចាំស្លាកលេខ ។
ស្ត្រីរងគ្រោះបាននិយាយប្រាប់គេឯងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅដៅពីលិចទៅកើតតែម្នាក់ឯង ដោយបានក្រវាត់កាបូបនោះនៅជាប់ចង្កេះ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ដេញតាមពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច ។ ពេលនោះបណ្ដាលឲ្យគាត់ដួលម៉ូតូរងរបួសរលាត់ដៃជើង ចំណែកជនសង្ស័យអត់ដួលទេ ហើយក្រោយពេលឆក់បានសម្រេច ក៏បានយកកាបូបជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ផ្លូវជាតិលេខ៤នោះសម្បូររថយន្តធុនធំបើកឆ្លងកាត់ណាស់ ប៉ុន្តែខណៈពេលដែលស្ត្រីរងគ្រោះត្រូវជនសង្ស័យឆក់កាបូបបណ្ដាលឲ្យដួលនោះពុំមានរថយន្តធុនធំបើកឆ្លងកាត់ឡើយ ទើបគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលស្ថិតនៅជិតកន្លែងនោះបាននាំគ្នាជួយលើកស្ត្រីរងគ្រោះគ្រាហ៍ដើរចេញពីផ្លូវ និងជួយអូសម៉ូតូចេញ បន្ទាប់មកគាត់បានទៅកាន់គ្លីនិចមួយព្យាបាលរបួសដោយខ្លួនឯង ៕
Post a Comment