Top News

ស្នងការរងខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល និងប្រពន្ធ រងបណ្ដឹងគេចវេះមិនសងលុយ កុហកថា ប្រពន្ធស្លាប់ និងប្រើឥទ្ធិពល ខណ:លោកបកស្រាយថា ម្ចាស់បំណុលពីរនាក់ប្ដីប្រពន្ធ ប្ដឹងនោះ..!




តាមប្រភពព័ត៌មាន ឱ្យដឹងថា ពេលនេះនីតិវិធីទាំងក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែដំណើរការរឿងនេះហើយ, ដោយក្រសួងមហាផ្ទៃ កាលពីប៉ុន្មានខែមុននេះ នៅពេលដែលបានទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរឿងអាស្រូវរបស់ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ករណីជំពាក់ប្រាក់ម្ចាស់បំណុលមិនសង និងធានារត់ការឱ្យម្ចាស់បំណុលចូលជាក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនោះ ក៏បានកោះហៅម្ចាស់បំណុល ឈ្មោះ ទី ប្រាថ្នា ភេទប្រុស និងឈ្មោះ ចិន ស្រីដា ភេទស្រី (ទាំងពីរនាក់នេះជាប្ដីប្រពន្ធនឹងគ្នា) ឱ្យចូលខ្លួនដើម្បីបំភ្លឺទាក់ទងទៅនឹងពាក្យបណ្ដឹងរបស់ខ្លួនរួចរាល់អស់ហើយ ប៉ុន្តែពាក្យបណ្ដឹងជាផ្លូវការរបស់ម្ចាស់បំណុលថ្មីៗនេះទៀត កំពុងពិនិត្យ និងត្រៀមចាត់នីតិវិធី, ចំណែកអង្គភាពប្រឆាំងអំពើពុករលួយវិញ។

តាមប្រភពបានឱ្យដឹងថា បានកោះហៅម្ចាស់បំណុល ឈ្មោះ ទី ប្រាថ្នា និងឈ្មោះ ចិន ស្រីដា ឱ្យចូលទៅបំភ្លឺទាក់ទងនឹងពាក្យបណ្ដឹងរបស់ខ្លួន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះផងដែរ។

លោក សម្បត្តិ កុសល មានឋាន:ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ មានអាសយដ្ឋាននៅភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានម្ចាស់បំណុលពីរនាក់ប្ដីប្រពន្ធ ប្ដឹងឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយរកយុត្តិធម៌ជូនពួកខ្លួន ដែលកូនបំណុលខាងលើនេះប្រព្រឹត្ត ÷

១. រំលោភទំនុកចិត្ត ខ្ចីប្រាក់រាប់ម៉ឺនដុល្លារ គេចវេះមិនសង និងកុហកថាប្រពន្ធស្លាប់ ដេញម្ចាស់បំណុលឱ្យទៅចាត់ការតាមផ្លូវច្បាប់,

២. ប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ ដោយប្រើប្រាស់រូបភាព ឱ្យសូកប៉ាន់ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ, (ជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម) ។

ករណីនេះមហាជន ទាំងមន្ត្រីស៊ីវិល និងមន្ត្រីកងកម្លាំង ដែលដឹងរឿងនេះតាមប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា មិនគួរឡើយណា លោក សម្បត្តិ កុសល មានឋាន:ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ សុខចិត្តគេចវេះ និងប្រាប់ម្ចាស់បំណុលថាប្រពន្ធស្លាប់ ដើម្បីគេចវេះមិនសងលុយម្ចាស់បំណុល ដោយសង្ឃឹមថា បានរួចខ្លួនពីការទទួលខុសត្រូវ, ប៉ុន្តែ ទីបំផុត បែរជាទទួលបានកេរ្ដិ៍ឈ្មោះអសោចិ៍នៅក្នុងសង្គម ហើយប្រឈមមុខនឹងផ្លូវច្បាប់កំពុងចាត់ការថែមទៀតផង។

សូមរំលឹកថា នៅក្នុងពាក្យបណ្ដឹង គោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងក្នុងពាក្យបណ្ដឹង គោរពជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់បំណុលពីរនាក់ប្ដីប្រពន្ធ ឈ្មោះ ទី ប្រាថ្នា និង ចិន ស្រីដា បានរៀបរាប់ឲ្យដឹងថា កាលអំឡុងឆ្នាំ២០២២ ស្ត្រីឈ្មោះ រ៉ាំង ភិរម្យ ជាប្រពន្ធរបស់ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល បានមកខ្ចីលុយខ្លួនជាបន្តបន្ទាប់ ដើម្បីរត់ការឱ្យប្ដីរបស់នាង គឺលោក សម្បត្តិ កុសល នេះឯង បានឡើងបុណ្យស័ក្ដិ គឺខ្ចីម្ដង ២ ពាន់ដុល្លារ , ៣ ពាន់ដុល្លារ , ៤ ពាន់ដុល្លារ រហូតឡើងដល់ ២ម៉ឺនដុល្លារ (មានឯកសារភស្តុតាង , កាលបរិច្ឆេទបាញ់លុយក្នុងគណនីធនាគារ និងសំឡេង) , ហើយមកដល់ ឆ្នាំ២០២៣ ស្ត្រីឈ្មោះ រ៉ាំង ភិរម្យ ពិបាកក្នុងការទូទាត់ប្រាក់សងមកនាងខ្ញុំ ពួកគេដែលជាកូនបំណុល បានបង្កើតទម្រង់ឃោសនាអូសទាញ មួយ ដោយទាក់ទងមកនាងខ្ញុំ ថា ឱ្យប្ដីនាងខ្ញុំ ( ឈ្មោះ ទី ប្រាថ្នា ) ទិញឈ្មោះចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ទៅ មានមុខមានមាត់ មានអំណាច។
ស្ត្រីឈ្មោះ រ៉ាំង ភិរម្យ ឃោសនាថា ទិញឈ្មោះចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មិនពិបាកទេ ព្រោះប្ដីរបស់នាង លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្គាល់អ្នកធំច្រើន ជាពិសេសស្គាល់ជិតដិតអ្នកធំនៅក្រសួងមហាផ្ទៃ ចង់ដាក់នៅខេត្តណាក៏បានដែរ ក្នុងតម្លៃចាប់ពី ២ម៉ឺន៨ពាន់ដុល្លារ ខេត្តល្មមៗ , ខេត្តមានសេដ្ឋកិច្ចល្អ ចាប់ពី ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនជាងដុល្លារ ដូចជាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម, ក្រោយមក លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល និងលោក ទី ប្រាថ្នា ម្ចាស់បំណុល ក៏ជួបគ្នានិយាយអំពីរឿងទិញឈ្មោះចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយក៏កើតចេញទៅជារឿងមិនដូចបំណង និងម្ចាស់បំណុលបានប្ដឹង លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល និងប្រពន្ធ ឈ្មោះ រ៉ាំង ភិរម្យ តាមបទចោទប្រកាន់ ÷

១. រំលោភទំនុកចិត្ត ខ្ចីប្រាក់រាប់ម៉ឺនដុល្លារ គេចវេះមិនសង ,

២. ប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ ដោយប្រើប្រាស់រូបភាព ឱ្យសូកប៉ាន់ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ, (ជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម) ។

ស្ត្រីឈ្មោះ ចិន ស្រីដា ម្ចាស់បំណុល បានរៀបរាប់ដំណើរភាពមិនប្រក្រតីរបស់ពីរនាក់ប្ដីប្រពន្ធ សម្បត្តិ កុសល និង រ៉ាំង ភិរម្យ ថា ប្រពន្ធនៅរស់ឱ្យជ្រងោៗស្រាប់តែ លោក សម្បត្តិ កុសល ប្រាប់ថាប្រពន្ធស្លាប់ទៅវិញ កោតតែហ៊ាននិយាយបែបនេះទៀត ÷

ទាក់ទងព័ត៌មាននេះ ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ថ្មីៗនេះលោកបាននិយាយបកស្រាយតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយថា រូបលោកមិនបានពាក់ព័ន្ធរឿងខ្ចីលុយខ្ចីកាក់នោះទេ និងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក៏ទេដែរ។ ព្រោះរូបលោកក៏បានលែងលះគ្នាជាមួយប្រពន្ធ ឈ្មោះ រ៉ាំង ភិរម្យ យូរទៅហើយដែរតាំងពីមានរឿងហ្នឹង។ ហើយករណីលុយកាក់ រវាង រ៉ាំង ភិរម្យ និង ចិន ស្រីដា គឺពីរនាក់ហ្នឹង គេលែងទង់ទីនជាមួយគ្នាតែប៉ុណ្ណោះ។ 

ចំណែកឯរឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនោះ គឺលោកអត់បានធ្វើទេ ហើយក៏អត់បានទទួលលុយដែរ។ លោក សម្បត្តិ កុសល បញ្ជាក់បានទៀតថា រឿងនេះលោកបានបំភ្លឺបកស្រាយនៅក្នុងអង្គភាពរបស់លោករួចទៅហើយដែរ, ហើយពេលនេះរូបលោកលែងជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទៀតហើយ និងកំពុងជាប់វិន័យ។

យោងតាមឯកសារ និងភស្តុតាង ទាក់ទងគ្នារឿងខ្ចីលុយខ្ចីកាក់ និងរឿងឃោសនាអូសទាញឱ្យចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ រវាងគ្រួសាររបស់ លោក សម្បត្តិ កុសល – រ៉ាំង ភិរម្យ និងគ្រួសារ ទី ប្រាថ្នា – ចិន ស្រីដា មានបន្សល់ទុករួចទៅហើយ, ហើយដោយការព្រួយបារម្ភជាខ្លាំង ខ្លាចថា លោក សម្បត្តិ កុសល នឹងប្រើប្រាស់ឥទ្ធិពលរូបលោកដែលជាផ្កាយ១ និងជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ស្គាល់មន្ត្រីតុលាការ និងមន្ត្រីធំៗ  គំរាមកំហែង ធ្វើទុក្ខបុកម្នេញនាងខ្ញុំ-ខ្ញុំបាទ ដែលជាម្ចាស់បំណុល ហេតុដូច្នេះ សូមអំពាវនាវដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាមានចំណាត់ការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់លើ លោក សម្បត្តិ កុសល និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ នេះ ដើម្បីផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ និងប្ដី ព្រមទាំងជនស្លូតត្រង់ដទៃទៀត៕






Post a Comment

Previous Post Next Post

Kdaily-news ads