Top News

បំផ្ទុះយកថ្មខុសបច្ចេកទេស នៅខេត្តកំពត បណ្តាលឱ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងគោងាប់២ក្បាល


 


កំពត៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៤នាក់ បានរងរបួសធ្ងន់ស្រាល ព្រមទាំងសត្វគោ ២ក្បាល បានងាប់ដោយសារការដាក់រំសេវបំផ្ទុះយកថ្មភ្នំខុសបច្ចេកទេស នៅចំណុចភ្នំជន្លួញ ក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញ អាជ្ញាធរ រួមទាំងជំនាញពាក់ព័ន្ធបានចុះសួរសុខទុក្ខគ្រួសាររងគ្រោះ និងពិនិត្យស្រាវជ្រាវរកមូលហេតុដែលបង្កឱ្យកើតហេតុការណ៍នោះ។ 


មន្ត្រីនគរបាលស្រុកបន្ទាយមាស បានឱ្យដឹងថា កាលពីម៉ោង ៣រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មានករណីដាក់រំសេវបំផ្ទុះយកថ្មខុសបច្ចេកទេស នៅចំណុចភ្នំជន្លួញក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច បណ្តាលឱ្យប៉ះពាល់លំនៅស្ថានប្រជាពលរដ្ឋ ៤គ្រួសារ និងបង្កការភ័យខ្លាចព្រោះតែធ្លុះធ្លាយដំបូល ជញ្ជាំង ពិសេសមនុស្សប្រុសស្រី ៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនចូលមន្ទីរពេទ្យភ្លាមៗ។ បន្ថែមលើនេះ បំណែកថ្មបានហើរខ្ទាតត្រូវចំសត្វគោរបស់អ្នកភូមិបណ្តាលឱ្យងាប់ចំនួន ២ក្បាលទៀតផង។ 


អ្នកបំផ្ទុះរំសេវបានសារភាពថា ករណីនេះបណ្តាលមកពីការខួងដាក់រំសេវខុសបច្ចេកទេស។ ទាក់ទងនឹងករណីនេះ ក្រុមហ៊ុនបានទទួលខុសត្រូវក្នុងការទូទាត់សំណងជូនក្រុមគ្រួសាររងគ្រោះទាំងនោះ ហើយសន្យាថា នឹងមិនឱ្យករណីបែបនេះកើតមានជាថ្មីទៀតឡើយ។


ពាក់ព័ន្ធនឹងអាជីវកម្មបំផ្ទុះថ្មភ្នំខាងលើ មិនទាន់អាចដឹងបានថា ទីតាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រឹមត្រូវ ឬយ៉ាងណានោះទេ ដោយលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត បានឆ្លើយតបនារសៀលថ្ងៃទី១៥ ខែតុលា នេះថា មន្ត្រីជំនាញសុំធ្វើការងារសិន។


អ្នករស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រុមហ៊ុនបំផ្ទុះយកថ្មនេះ បានធ្វើសកម្មភាពយូរមកហើយ។ ចំណែកឯការជូនដំណឹងមុនពេលបំផ្ទុះមិនមានភាពច្បាស់លាស់ ធ្វើឱ្យពួកគាត់ភ័យខ្លាច សូម្បីលំនៅស្ថានចម្ងាយប្រហែល ៣០០ម៉ែត្រ ពីជើងភ្នំក៏បំណែកថ្មធ្លាក់ដល់ និងប៉ះពាល់ជាញឹញាប់ដែរ៕









Post a Comment

Previous Post Next Post

Kdaily-news ads