Top News

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិ, អំពាវនាវជនរងគ្រោះដាក់ពាក្យបណ្តឹង


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៧ ខែតុលានេះ បានទម្លាយពីករណីឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។


ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោកលោក លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹងទាំងនោះ។ 

យោងតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត(ហៅគ្រូមា)។


លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀត ផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខ ទៅខាងណាផង។ 

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយ ពេល នោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ 

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។ 

ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរិយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ 

ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះ ជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីនរណានោះឡើយ មិនថា តាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយ ទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ។ 

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ដែរថា ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ 
ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ 

ចំណែកលោក គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿង ដែល អាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ 
ក្នុងនោះស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕






Post a Comment

Previous Post Next Post

Kdaily-news ads