ភ្នំពេញ៖ លោកតាអាចារ្យម្នាក់បានជិះម៉ូតូ១គ្រឿងទៅទិញកាហ្វេនៅមុខវត្ត ហើយពេលទៅដល់ភ្លេចដកសោចេញ ស្រាប់តែលោកចោរម្នាក់ឃើញឱកាសល្អ បានឡើងភ្លែតប្រុងជិះគេចខ្លួនទៅហើយ ។ ប៉ុន្តែលោកតាឃើញទាន់ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកឡោមព័ទ្ធចាប់បានភ្លាមៗ រួចស្វាគមន៍ដោយកណ្ដាប់ដៃនិងរន្ទះជើង ធ្វើឲ្យចោររូបនោះទ្រមខ្លួន ទើបប្រគល់ជូននគរបាល ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅមុខវត្តកំពែង ស្ថិតនៅក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះភ្លាមៗនោះឈ្មោះសួរមិនប្រាប់ឡើយ ហើយគិតតែពីស្រែកឡូឡា ពុំដឹងថាស្រែកពីអ្វីខ្លះនោះទេ ។ពេលនេះកំពុងស្ថិតនៅក្នុងការសាកសួរពីកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
អ្នកភូមិខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុលោកតាម្នាក់ដែលជាអាចារ្យវត្តកំពែងនោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1DH-5095 ចេញពីក្នុងវត្តខាងលើទៅទិញកាហ្វេនៅមុខវត្ត ។ លុះពេលទៅដល់កន្លែងលក់កាហ្វេ លោកតាបានចតម៉ូតូនៅក្បែរខ្លួនគាត់ដែរ ប៉ុន្តែភ្លេចដកសោរចេញពីម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់នោះទៅដល់ ឃើញឱកាសល្អ ក៏ឡើងអង្គុយលើម៉ូតូប្រុងជិះគេចខ្លួន ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះត្រូវបានលោកតាអាចារ្យក្រឡេកឃើញទាន់ ក៏បានស្រែកឆោឡោថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នករស់នៅផ្ទះជិតនោះ ព្រមទាំងអ្នកកំពុងផឹកកាហ្វេ បាននាំគ្នាចេញធ្វើការឡោមព័ទ្ធចាប់បាន ។ បន្ទាប់មកបាននាំគ្នាបញ្ចេញកំហឹងវាយទាត់ធាក់លោកចោររហូតទ្រមខ្លួន រួចទើបប្រគល់ជូននគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
Post a Comment