ខេត្តសៀមរាប ៖ បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះថា ករណីអំពើហិ.ង្សា និងទារុ.ណកម្ម ជាពិសេសលើកុមារ ត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនទៅកាន់តុលាការ ខណៈពេលនោះលោកចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្តសៀមរាបបានសម្រេចឱ្យកម្លាំងជំនាញយកជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារ បណ្តោះអាសន្ន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។
ចំពោះជនដែលឃាត់ខ្លួនមានឈ្មោះ ឱម ធី ភេទប្រុស អាយុប្រមាណជា៤០ឆ្នាំ មុខរបរពេទ្យសត្វ ប្រចាំភូមិ បច្ចុប្បន្ន រស់នៅភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ប្រភពបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជា លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ថ្មីៗ នេះកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ពាក់ពន្ធ័ករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ «វា.យកុមាររងគ្រោះអាយុ៧ឆ្នាំនឹងខ្សែភ្លើង» ដោយសារខឹងកុមាររងគ្រោះចូលលេងក្នុងតូបជួសជុលម៉ូតូរបស់កូនជនសង្ស័យ និងបានលួចយកតែមម៉ូតូមួយមកកាន់នឹងដៃ ។
សូមបញ្ជាក់ថា ករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះកើតហេតុកាល ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទីព្រឹក ក្នុងភូមិសាស្ត្រឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បច្ចុប្បន្ន លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនជនសង្ស័យ យកទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ៕
Post a Comment