ភ្នំពេញ៖ មុខសញ្ញាចោរប្រើកាំភ្លើងប្រើហ្គាស ស្ទាក់ភ្ជង់គំរាមប្លន់ម៉ូតូ និងទូរស័ព្ទដៃចំនួន៣នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីប្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធីច្បាប់ ។
ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះ ហេង ដារ៉ុង ហៅខ្មៅណាហ្គា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ មិនពិតប្រាកដ ។ ២-ឈ្មោះ អេង វណ្ណូត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការចាប់ខ្លួនមុខសញ្ញាដែលជាជនសង្ស័យក្នុងករណី (លួចដោយមានស្ថានទម្ងន់ទោស) នេះ ត្រូវបានលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២ និង២០នាទីរំលងអធ្រាត្រនៅចំណុចមុខផ្ទះលេខ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទ) បង្កឡើងដោយជនសង្ស័យចំនួន៣នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម ភ្ជង់គំរាមបុរសម្នាក់ និងនារីម្នាក់ ដែលកំពុងឈប់ម៉ូតូតាមផ្លូវ បានវាយក្បាលជនរងគ្រោះ១ ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ០២គ្រឿង ១.ម៉ាក IPHONE7 ពណ៌ទឹកមាស និងមួយគ្រឿងម៉ាក OPPO ពណ៌ខ្មៅ ហើយក្រុមចោរបានគេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក អេង សោភា បន្តថា ក្រោយពីកើតមានអំពើប្លន់នោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបនចាប់ខ្លួនបានម្នាក់ទៀត នៅចំណុចផ្ទះសំណាក់យីហោ Today បន្ទប់លេខ៥០២ ជាន់ទី២ ជិតវិទ្យាល័យបាក់ទូក សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលត្រូវចោរប្លន់ម៉ូតូខាងលើ ម្នាក់បានដាក់ពាក្យបណ្តឹងឈ្មោះ ជុំ ចាន់តារ៉ារស្មី ភេទប្រុស អាយុ១៨ឆ្នាំ ដឹកជញ្ជូន មានទីលំនៅផ្ទះជួលលេខ២៦A ផ្លូវលេខ២១២ ភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២ ០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 ទូរស័ព្ទដៃ០២គ្រឿង ១គ្រឿងម៉ាក IPHONE7 ពណ៌ទឹកមាស និង១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ។ នៅពេលចាប់ខ្លួនជនសង្ស័យ សមត្តកិច្ចបានដកហូតវត្ថុតាងមកវិញមាន ៖
.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)
.កាំភ្លើងខ្លីប្រើហ្គេស ០១ដើម ម៉ាក BERETTA ពណ៌ខ្មៅ
.បង់០១ (ជាឧបករណ៍ធ្វើសកម្មភាព)
.ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Smash ពណ៌ក្រហម ផ្លាកលេខ រដ្ឋ20 1-0964 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
.មួក ០១ ពណ៌ស (ពាក់ពេលប្រព្រឹត្តិបទល្មើស)
.ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ០១ថង់តូច
.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ក្រហម ។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីផ្នំពេញតាមនីតិវិធី ៕
Post a Comment