ភ្នំពេញ ៖ រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងបើកបរ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងទឹកលិចផ្លូវ ទំនងអ្នកបើកបរមើលអត់ដឹងថា ត្រង់ណាផ្លូវត្រង់ណាប្រឡាយ ក៏បានរេចង្កូតធ្លាក់ចូលប្រឡាយទឹក ។ ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តខាងលើរងរបួសនោះទេ បុរសនោះ បានបើកទ្វារចាកចេញទៅបាត់ស្រមោល ដោយទុករថយន្តចោលនៅកន្លែងកើតហេតុនោះ ។
យោងតាមកាមេរ៉ាសុវត្ថិភាព ឧប្បត្តិហេតុនោះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីជិតភ្លឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2G-4898 ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
បើតាមអ្នកលក់ម៉ូតូដែលមានទីតាំងស្ថិតនៅជិតកន្លែងកើតហេតុនោះបាននិយាយថា គាត់មិនបានឃើញ ឬដឹងថា រថយន្តខាងលើ ធ្លាក់ប្រឡាយទឹកនៅមុខផ្ទះគាត់តាំងពីពេលណាមកនោះទេ ស្រាប់តែព្រឹកឡើងឃើញធ្លាក់ប្រឡាយបាត់ទៅហើយ ។ បន្ទាប់មក គាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញនៅវេលាម៉ោង៤ និង៣០នាទីជិតភ្លឺថ្ងៃកើតហេតុខាងលើ រថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈនោះភ្លៀងលិចផ្លូវ ហើយទំនងមើលផ្លូវអត់ឃើញក៏បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកនោះតែម្ដង ។ ក្រោយពីមកអ្នកបើកបររថយន្តនោះ បានបើកទ្វារចេញពីក្នុងរថយន្តបានដោយសុវត្ថិភាព ពុំមានគ្រោះថ្នាក់អ្វីនោះឡើយ ហើយបុរសនោះក៏បានចាកចេញទៅបាត់ស្រមោលចោលរថយន្ត ។
សមត្ថកិច្ចបានប្រាប់ថា រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែល ពុំទាន់ឃើញអ្នកបើកបររថយន្តខាងលើ ទៅទាញយករថយន្តរបស់ខ្លួនចេញពីក្នុងប្រឡាយនោះនៅឡើយទេ ហើយនគរបាលខណ្ឌកំបូលបានស្ទូចយករថយន្តនោះទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់នៅពេលក្រោយ ៕
Post a Comment