ឃាត់ខ្លួនជនសង្ស័យ២ នាក់ដែលលួចបន្លំ QR CODE ដើម្បីទទួលបានទឹកប្រាក់ ចំនួន ៤០.០០០.០០០រៀល ពីជនរងគ្រោះ
ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៤ បានបញ្ជូនជនសង្ស័យពីរនាក់ទៅសាលាដំបូងខេត្តដើម្បីកាត់ការតាមនីតិវិធីពាក់ព័ន្ធនិងករណីលួចបន្លំ QR code ដើម្បីទទួលប្រាក់ចំនួន៤០លានរៀល។
គួរបញ្ជាក់ឱ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការទប់ស្កាត់លុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ដោយឃាត់ជនសង្ស័យ២ នាក់ ទី១-ឈ្មោះ គឹម ស៊ីឌួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះនិងទី២-ឈ្មោះ សៀក ស្រីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅសាលាបណ្តុះបណ្តាលភាសាជប៉ុនឌ្រីមមែនផៅវ័រ ផ្ទះលេខ៣១-៣៤ ផ្លូវបេតុង បុរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ឡុង សុវណ្ណរិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ បានឱ្យដឹងថាកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ឡុង សុវណ្ណរិទ្ធី ករណីលួចបន្លំ QR CODE ដើម្បីទទួលបានទឹកប្រាក់ចំនួន ៤០.០០០. ០០០ ៛ (សែសិបលានរៀល) ពីជនរងគ្រោះ។
ក្រោយពីការស្ដាប់ចម្លើយរបស់ជនរងគ្រោះឈ្មោះ ឡុង សុវណ្ណរិទ្ធី និងការបើកស៊ើបអង្កេតបឋមរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរីឃើញថា មានការលួច Hack ប្រព័ន្ធតេឡេក្រាម (Telegram) របស់ឈ្មោះ ឡុង សុវណ្ណរិទ្ធី ដើម្បីផ្ញើ QR CODE ពីតេឡេក្រាម (Telegram ) របស់ឈ្មោះ ឡុង សវុណ្ណរិទ្ធី ទៅឱ្យតេឡេក្រាម (Telegram) របស់ឈ្មោះ ហ៊ាង លាងហ៊ន់ ដើម្បីទូទាត់ប្រាក់ថ្លៃទិញលក់ស្រូវ។ ស្រាប់តែនៅពេល ឈ្មោះ ហ៊ាង លាងហ៊ន់ ទូទាត់ប្រាក់ ស្រាប់តែមាន QR CODE (កុងធនាគារ) របស់ឈ្មោះ គឹម ស៊ីឌួក ជាអ្នក ទទួលប្រាក់សរុប ចំនួន៤០.០០០.០០០៛ (សែសិបលានរៀល) ទៅវិញ។ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមានឈ្មោះ សៀក ស្រីនឿន ភេទស្រី កើតឆ្នាំ១៩៩២ និងឈ្មោះ គឹម ស៊ីឌួក ភេទប្រុស កើតឆ្នាំ១៩៨៩។
ក្រោយពីការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរខាងលើឃើញថា ឈ្មោះ សៀក ស្រីនឿន បានទទួលបញ្ជាពី ឈ្មោះ មាន ពិសិដ្ឋ ប្រើប្រាស់លេខ ០៩៧ ៨៨៨ ៨៩៤៩ ដើម្បីទទួលប្រាក់ពីការវេរចូល និងចេញពីគណនីធនាគារផ្សេងតាមការបញ្ជារបស់ឈ្មោះ មាន ពិសិដ្ឋ ហើយទទួលបានប្រាក់ថ្នូរមកវិញពីឈ្មោះ មាន ពិសិដ្ឋ។ ចំណែកឈ្មោះ គឹម ស៊ីឌួក ជាបក្សពួករបស់ ឈ្មោះ សៀក ស្រីនឿន ក៏ជាអ្នកទទួលការវេរប្រាក់ចេញ និងចូលតាមការបញ្ជារបស់ឈ្មោះ សៀក ស្រីនឿន ក្នុងកុងមានប្រាក់ចំនួន៤០.០០០.០០០៛ (សែសិបលានរៀល) របស់ជនរងគ្រោះខាងលើផងដែរ។
ផ្អែកតាមការពិនិត្យ តាមបណ្ដាញសង្គមតេឡេក្រាមដែលមានការសន្ទនា រវាងឈ្មោះ សៀក ស្រីនឿន និងឈ្មោះ គឹម ស៊ីឌួក ឃើញថា មានការវេប្រាក់ ចេញនិងចូលជាច្រើនលើកច្រើនសារ ដោយគ្មានប្រភព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ គឺកំពុងតែបន្ដនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយបានបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕
Post a Comment