រថយន្តក្រុងដឹកអ្នកដំណើរបុករះបន្តកន្ទុយគ្នាបណ្ដាលឱ្យមនុស្សបីនាក់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិត និងតៃកុងម្នាក់ទៀតរងរបួស។
បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤ .៣០នាទីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ លើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០.១២១ ស្ថិតនៅភូមិ អូររំចេក ឃុំ ចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅម៉ោង ៤.៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បាន រ៉េចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុក រថយន្ត កូរ៉ូឡា ១គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យ បុរសម្នាក់ជិះលើរថយន្តកូរូឡានោះ រងរបួស ។
ប្រភពដដែលបានបន្តថា ដោយរថយន្តក្រុងនោះ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ហេីយស្របពេលនោះក៏មានរថយន្ត ford ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។
ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណេីរក៍បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ
ទី១ -ឈ្មោះ អ៊ុយ យ៉ាងគួយ ភេទស្រី អាយុ១៩ឆ្នាំ
ទី២-ឈ្មោះ ឡាំ សុផាន ភេទស្រី អាយុ២៧ ឆ្នាំ និង ទី៣- ឆឹង គឹមឃៀង អាយុ ៣ឆ្នាំជាកូនប្រុស របស់ឈ្មោះ ឡាំ សុផាន ជនរងគ្រោះទាំង៣នាក់រស់នៅភូមិ សន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាល ស្រុក បរិបូណ៍នាំយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕
Post a Comment