Top News

សមត្ថកិច្ចរកឃើញហើយរថយន្តដែលបុកកុមារី២នាក់ស្លាប់ ហើយនឹងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនដោះស្រាយទៅតាមនីតិវិធី..


សមត្ថកិច្ចរកឃើញហើយរថយន្តដែលបុកកុមារី២នាក់ស្លាប់ ហើយនឹងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនដោះស្រាយទៅតាមនីតិវិធី....


ភ្នំពេញ៖ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាះផ្សាយនូវសារប្រកបដោយក្ដីសង្ឃឹមជូនទៅកាន់ឪពុកម្ដាយសពកុមារី២រូប ដែលកំពុងស្វះស្វែងអំពាវនាវឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកជនបង្កមកទទួលខុសត្រូវ។


នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក រ៉េន រតនៈ បានសរសេរក្នុងន័យដើមថា «ក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រាបជូនម្ចាស់គណនីឈ្មោះ Evelyn Khun ជ្រាបថា ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍បាននិងកំពុងស្រាវជ្រាវលើករណីនេះប្រកបដោយស្មារតីយកចិត្តទុកដាក់បំផុត ដោយក្នុងនោះ កម្លាំងជំនាញបានរកឃើញរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះហើយ»។


បើតាមលោក រ៉េន រតនៈបានឱ្យដឹងថា    ជានីតិវិធីបន្ត សមត្ថកិច្ចនឹងឈានទៅកោះហៅម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធី។ ក្នុងសារដដែលនោះ អ្នកនាំពាក្យរូបនេះ ក៏បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចូលរួមសោកស្ដាយចំពោះហេតុការណ៍ដ៏គួរឱ្យសង្វេគ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោក លោក ស្រីដែលជាមាតានិងបិតា រួមទាំងក្រុមគ្រួសារសពកុមារីទាំងពីរ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា កុមារីទាំង២រូប បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយជនបង្កបានបើករថយន្តគេចខ្លួនភ្លាមៗ ក្រោយបង្កហេតុ។ ជនរងគ្រោះទាំង២រូប មានឈ្មោះ មិត្ត លីធីង អាយុ១២ឆ្នាំ និងឈ្មោះ មិត្ត ជូលី អាយុ៩ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។ អ្នកទាំងពីរបានជួបហេតុការណ៍ដ៏សង្វេគនេះ ពេលធ្វើដំណើរឌុបគ្នាចេញពីទិញរបស់ញាំ៕








Post a Comment

Previous Post Next Post

Kdaily-news ads