យុវជនម្នាក់ដើរទៅអើតមើលរថយន្តគេចតទុកសន្តិសុខឃើញសង្ស័យថាចោរ យកដំបងរលាស់វាយជើងរបួសធ្ងន់នៅខណ្ឌមានជ័យ
ភ្នំពេញ- យុវជនម្នាក់ដេកដួលស្តួកស្តឹងនៅចិញ្ចើមផ្លូវស្តុបលូ៥ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។
យុវជនដែលរងរបួសជើងខាងស្តាំមានឈ្មោះ ឡេង តយអាយុ ២៦ឆ្នាំ មុខរបរកម្មករដេរខោអាវសុីថ្ងៃ មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ។
បើយោងតាមការរៀបរាប់ពីយុវជនខាងលើបានឲ្យដឹងថា នៅព្រឹកមិញនេះរូបគាត់បើដើរតាមបណ្តោយផ្លូវ៣៧១ សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈពេលដើរហត់ពេករូបគេក៏បានឈប់ក្បែររថយន្តមួយគ្រឿងដែលម្ចាស់ចតទុកមុខការ៉ាស់សាំងមួយកន្លែង ដោយសន្តិសុខយាមនៅទីនោះឃើញស្មានតែរូបគេបំរុងនិងលួចសម្ភារ:របស់បរមក្នុងរថយន្ត ក៏បានទាញដំបងដែករលាស់វាយទៅលើជើងចំនួនច្រើនដំបងបណ្តាលឲ្យបែកស្មងជើងខាងស្តាំរបួសធ្ងន់ ហើយបានព្យាយាមដើររហូតដល់ស្តុបលូ៥ នៅផ្លូវវេងស្រេង ដេកដួលដើរលែងរួច ហើយត្រូវបានប្រជាការពារដែលប្រចាំការនៅទីនោះជួយយកអាកុលលាងរបួសដើម្បីសង្រ្គោះបឋម រួចក៏បានទំនាក់ទំនង់ទៅកាន់អាជ្ញាធរមូលដ្ឋានដឹកយុវជនខាងលើទៅសង្រ្គោះនៅឯមន្ទីរពេទ្យ៕
Post a Comment