ទឹកជំនន់នៅខេត្តកំពង់ធំ បណ្តាលឱ្យខូចខាតផ្លូវ ៣គីឡូម៉ែត្រ និងដំណាំស្រូវជាង ៨០០ហិកតា ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ មិនអាចសង្គ្រោះបាន
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានសោកស្ដាយចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនប្រចាំថ្ងៃ និងការខូចខាតដំណាំស្រូវជាង ៨០០ហិកតា ដែលមិនអាចសង្គ្រោះបាន នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅពេលនេះ។ ការណ៍នេះ លោកបានណែនាំដល់អាជ្ញាធរដែនដី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ឱ្យសិក្សា និងជួសជុលស្ថាបនាផ្លូវ ដែលខូចខាតនេះឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីបម្រើឲ្យការធ្វើចរាចរណ៍របស់ប្រជាជន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានដាក់បទបញ្ជាដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមបម្រុងកងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ តាមតម្រូវការ និងសំណូមពរជាក់ស្ដែង របស់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា ផ្លូវលំក្នុងឃុំកំពង់គោ ត្រូវបានទឹកជំនន់ហូរកាត់ផ្លូវបណ្ដាលឱ្យខូចខាតផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាជន និងខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងឃុំកំពង់គោ ប្រមាណជាង ៨០០ហិកតា ដែលមិនអាចជួយសង្គ្រោះបាន។
ដោយឡែកដំណាំស្រូវប្រមាណ ១០០ហិកតាទៀត កំពុងរងផលប៉ះពាល់ តែអាចសង្គ្រោះបាន បើសិនជាមិនមានភ្លៀងធ្លាក់មកបន្ថែមទៀតទេ។
Post a Comment