Top News

លោក ស សុខា ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ពុករលួយ​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់..



លោក ស សុខា ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ពុករលួយ​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់..


យោង​តាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែ​កក្កដា ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយ និង​អ្នក​ទទួល​ការ​ណា​ដែល​បាន​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ឬ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។


ប្រភព​ដដែល​បាន​អះអាង​ថា ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​រាជការ សមាជិក​ក្រុមប្រឹក្សា ស្មៀន​ឃុំ-សង្កាត់ អ្នក​ទទួល​ការ​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិន​បាន​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ឬ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី ការ​គប់គិត ការ​ក្លែងបន្លំ ការ​បង្ខិតបង្ខំ ឬ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងៗ​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។


លោក ស សុខា បញ្ជាក់​ថា កន្លង​មក ក្រសួង​មហាផ្ទៃ សង្កេត​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ-សង្កាត់ បណ្តាល​មកពី​ការ​មិន​យកចិត្ត​ទុកដាក់ និង​ភាព​ទន់ខ្សោយ​នៃ​ការ​គ្រប់គ្រង ចាត់ចែង ក្នុង​កិច្ច​ដំណើរការ​អនុវត្ត​គម្រោង។


ប្រភព​ដដែល​បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ ជា​ញឹកញាប់​ទទួល​បាន​បណ្តឹង​ជា​លាយលក្ខណ៍​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម និង​តាម​ទូរសព្ទ​ពី​អ្នក​ទទួល​ការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ-សង្កាត់​របស់​មន្ត្រី​ទីចាត់ការ​ផែនការ និង​វិនិយោគ​រាជធានី-ខេត្ត​មួយ​ចំនួន។


នៅ​ក្នុង​លិខិត​ដដែល បញ្ជាក់​ថា ករណី​រក​ឃើញ​កំហុស​ឆ្គង​នៅ​ក្នុង​ការ​អនុវត្ត​ការងារ មន្ត្រី និង​អ្នក​ពាក់ព័ន្ធ នឹង​ត្រូវ​ចាត់​វិធានការ​ស្រប​តាម​មាត្រា​៨៤ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ចំពោះ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល ត្រូវ​ចាត់​វិធានការ​ស្រប​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។


ចំពោះ​អ្នក​ទទួល​ការ គឺ​ត្រូវ​ចាត់​វិធានការ​ស្រប​តាម​ចំណុច ៣.២.៧ និង ៣.១១ នៃ​សៀវភៅ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ-សង្កាត់ និង​ត្រូវ​បញ្ចប់​កិច្ចសន្យា​ចំពោះ​បុគ្គលិក​ជាប់​កិច្ចសន្យា។ វិន័យ​ទាំងនេះ​មិន​រាប់​បញ្ចូល​នូវ​ទោស​ទណ្ឌ​ផ្សេងៗ​ឡើយ។


អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា កន្លង​មក លោក​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់​សម្រាប់​ការ​កសាង​ផ្លូវ ប្រឡាយ​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត ដែល​ជា​ហេតុ​ផ្តល់​ផល​ប្រយោជន៍​ដល់​មន្ត្រី​ពុករលួយ និង​អ្នក​ម៉ៅការ​ទុច្ចរិត ដែល​នាំ​ឱ្យ​សំណង់​គ្មាន​គុណភាព និង​ខាតបង់​ថវិកា​ជាតិ​ជាច្រើន។


ប្រភព​ដដែល​អះអាង​ថា រាល់​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ ឱ្យ​មាន​តម្លាភាព និង​លុបបំបាត់​ឱ្យខាងតែ​បាន​ចៀសវាង​ការ​ឃុបឃិត​គ្នា​ក្នុង​រូបភាព​ណា​មួយ​ជាដាច់ខាត ព្រោះ​នេះ​ជា​កញ្ចប់​ថវិកា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន៕







Post a Comment

Previous Post Next Post

Kdaily-news ads