Top News

រយៈពេល១០ឆ្នាំលោក គួច ចំរើន ប្ដូរការងារ៦កន្លែង..



រយៈពេល១០ឆ្នាំលោក គួច ចំរើន ប្ដូរការងារ៦កន្លែង..

ភ្នំពេញ៖ លោក គួច ចំរើន ដែលមនុស្សម្នាភាគច្រើនតែងតែស្គាល់ ពេលនេះកំពុងចាប់ផ្ដើមបង្ហាញស្នាដៃថ្មីនៅលើដែនដីខេត្តកណ្ដាល បន្ទាប់ពីលោកបានបន្សល់កេរ្តិ៍ឈ្មោះយ៉ាងច្រើននៅលើទឹកដីខេត្តព្រះសីហនុរហូតជាប់ងារជាមនុស្សខ្លាំងក្រោយពីបោសសម្អាតនិងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយឡើងវិញ ។

នៅពេលឈានជើងចូលទឹកដីខេត្តកណ្ដាលភ្លាម លោក គួច ចំរើន ដែលមានងារជាអភិបាលខេត្តថ្មី និងជាអាឌិតអភិបាលខេត្តព្រះសីហនុ បានបង្ហោះសារនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១ ខែកក្កដា ថា អ្នកកណ្តាល​ សុំផ្ញេីខ្លួននិងការងារជោគជ័យផង​។ លោកបានរំលេចថា «ក្នុងរយៈពេល១០ឆ្នាំ​ ខ្ញុំបានប្តូរការងារ៦កន្លែង​ ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម​-ខេត្តព្រះសីហនុ-ខេត្តកណ្តាល» ។


លោកបន្ថែមថា ការងារច្រេីនកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធន៍ច្រេីន មិត្តភ័ក្រ្តក៏ច្រេីន​ ទំនាក់ទំនងក៏ច្រេីន​​ ស្គាល់សង្គមនិងមនុស្សក៏ច្រេីន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក។


លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ក្រោមវត្តមាន លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ខណៈ លោក គង់ សោភ័ណ្ឌ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


សូមជម្រាបថា លោក គួច ចំរើន ធ្លាប់កាន់ការងារមួយចំនួន នៅរាជធានីភ្នំពេញ ពោលចាប់តាំងពី ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩ លោក គួច ចំរើន ជាបុគ្គលិកចាត់តាំង សាលាខណ្ឌចំការមន។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៤ លោកគួច ចំរើន ជាអភិបាលរង ខណ្ឌចំការមន ហើយនៅក្នុងឆ្នាំ ២០០៤ លោក គួច ចំរើន ជា អភិបាលខណ្ឌមានជ័យ និងឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ជា អភិបាល ខណ្ឌដូនពេញ ។ ក្រោយមកទៀត នៅចុងឆ្នាំ២០១៦ ជាអភិបាលខេត្តកំពង់ចាម និងជា អគ្គនាយករងរដ្ឋបាល នៃក្រសួង មហាផ្ទៃ ។ 


បន្ទាប់មក លោក ក៍ត្រូវផ្ទេរទៅកាន់ខេត្តព្រះសីហនុ និងបន្តមកខេត្តកណ្ដាលពេលនេះ ។

គួរបញ្ជាក់ថា លោក គួច ចំរើន ធ្លាប់បានចូលរៀន នៅមហា វិទ្យាល័យបច្ចេកទេស កងទព័ ប្រទេសវៀតណាម ក្រោយមក នៅឆ្នាំ១៩៩៣ លោកបានសិក្សាបន្តនៅមហាវិទ្យាល័យនីតិ សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាប ត្រវិទ្យាសាស្តរសេដ្ឋកិច្ច ។


នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៤ បានចូលសិក្សា នៅសាកល វិទ្យាល័យ នីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ទទួលបាន បរិញ្ញាបត្រ ជាន់ខ្ពស់ រដ្ឋបាលសាធារណៈ នៅ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ។


លោក កើតនៅឆ្នាំ១៩៧២ នៅ ភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លោក គួច ចំរើន ជាកូនទី៤ នៃ បងប្អូនទាំង៥នាក់។ បច្ចុប្បន្នលោក គួច ចំរើន មានវ័យ៥២ឆ្នាំ៕








Post a Comment

Previous Post Next Post

Kdaily-news ads