Top News

តំណាងកម្មករ ៩ម៉ឺននាក់ បានដាក់ញត្តិស្នើទៅក្រសួងមហាផ្ទៃ ពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកាអង្គការ សង់ត្រាល់



តំណាងកម្មករ ៩ម៉ឺននាក់ បានដាក់ញត្តិស្នើទៅក្រសួងមហាផ្ទៃ ពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកាអង្គការ សង់ត្រាល់

 

ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន ដែលតំណាងឱ្យកម្មករ ៩ម៉ឺននាក់ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ (សង់ត្រាល់) ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ 

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការមួយទទួលជំនួយពីបរទេស និងបានចុះបញ្ជីការនៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារជ្រៀតជ្រែកក្នុងការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែកបាក់សហជីពនៅកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។ 

លោកបន្ថែមថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍ដែលធ្វើឲ្យមានការជះឥទ្ធិពលដល់អ្នកបញ្ជាទិញ អាចមានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងនៃសហជីព និងកម្មករនិយោជិតនៅកម្ពុជាទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពមានការងារធ្វើរបស់កម្មករនិយោជិតទាំងអស់។ 

លោក គឹម ចាន់សំណាង បានបញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់តែសម្ភាសន៍សហជីពចំនួន១០ នៃរោងចក្រ១៤ បែរជាយកមកវាយតម្លៃជារួមថា នៅកម្ពុជាមានការរំលោភសិទ្ធិសេរីភាពសហជីព កម្មករនិយោជិតធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពីសិទ្ធិសេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាទាំងមូលឡើយ។ សកម្មភាព និងរបាយការណ៍របស់អង្គការមួយមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អកកករ បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។ 

លោកបានបញ្ជាក់ថា របាយការណ៍សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ 

លោកប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់ កម្មករនិយោជិតមានការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិត។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសមិនសមស្របរបស់អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា៕







Post a Comment

Previous Post Next Post

Kdaily-news ads