សហជីពនៅកម្ពុជាគាំទ្រការសម្រេចរបស់តុលារខេត្តកំពង់ស្ពឺ កាត់ទោសប្រធានសហជីពមូលដ្ឋានដែលប្រព្រឹត្តបទល្មើស
ភ្នំពេញ៖ សហជីពនៅកម្ពុជាគាំទ្រការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានប្រកាសសាលក្រមកាត់ទោសលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន វីងស្តារស៊ូ ដែលប្រព្រឹត្តបទល្មើសសមគំនិតលួច។ ការប្រកាសគាំទ្រនេះធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឹ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា លោកគាំទ្រចំពោះការប្រកាសសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានសម្រេចផ្ដន្ទាទោសលោកជា ចាន់ ដោយត្រឹមត្រូវ និងយុត្តិធម៌។ លោកបានបង្ហាញជំហរ មិនគាំទ្រចំពោះអ្នកជនខិលខូចទាំងឡាយណា ដែលបានប្រព្រឹត្តខុសច្បាប់ក្នុងការលួចទ្រព្យសម្បត្តិអ្នកដទៃ ព្រោះគ្មានជនណាអាចរួចខ្លួនពីសំណាញ់ច្បាប់បានឡើយ។
លោកបញ្ជាក់ថា៖«ខ្ញុំមិនលើកទឹកចិត្តក្នុងការការពារមេដឹកនាំជាចោរនោះទេ នេះបើសិនរកឃើញពិតប្រាកដមែន ហើយមានភស្តុតាង មានវីដេអូ ហើយគាត់បានសារភាពពិតប្រាកដមែននោះ វាជារឿងដែលយើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន អត់អាចប្រើពាក្យយុត្តិធម៌ ឬអយុត្តិធម៌នោះទេ»។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា ការប្រកាសសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ចំពោះលោកជា ចាន់ អតីតកម្មករ និងជាប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ មិនមែនជាការគំរាមកំហែង បំភិតបំភ័យធ្វើទុក្ខបុកម្និញ ប្រឆាំងជាមួយសិទ្ធិសេរីភាពសហជីពនោះទេ ព្រោះនេះជាករណីព្រហ្មទណ្ឌ ដែលជនល្មើសត្រូវតែទទួលទោសតាមច្បាប់។ លោកបញ្ជាក់ថា ជាមេដឹកនាំសហជីព ក៏ត្រូវតែគោរពច្បាប់ បើធ្វើខុសត្រូវតែទទួលទោស មិនអាចយកតួនាទីជាសហជីពមកបិទបាំងទោសកំហុសរបស់ខ្លួនបានទេ។
លោកថ្លែងថា៖«យើងខ្ញុំមានការគាំទ្រចំពោះការផ្តន្ទាទោសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានផ្តន្ទាទោសទៅលើជនល្មើស ដែលបានប្រព្រឹត្តនូវបទល្មើសលួច ក៏ដូចជាបទល្មើសផ្សេងៗ ដែលផ្ទុយពីច្បាប់។ ខ្ញុំក៏សុំសំណូមពរដល់សហជីពផ្សេងៗទៀតដែរ សូមបំពេញវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមច្បាប់ កុំយកសហជីពទៅបិតបាំងទោសកំហុសរបស់ខ្លួន»។
លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការសម្រេចក្តីរបស់តុលាការគឺធ្វើឡើងដោយសំអាងលើអង្គហេតុ និងអង្គច្បាប់ ហេតុនេះការសម្រេចក្តីធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌ បើគ្មានការប្រព្រឹត្តខុស ក៏គ្មានការអនុវត្តច្បាប់នោះដែរ។ លោកបន្ថែមថា សហជីពមួយចំនួន មិនគួរជ្រកក្រោមស្លាកសហជីព ហើយបែរជាយកតួនាទីភារកិច្ចមកប្រើប្រាស់ ហើយចោទប្រកាន់ការសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌ ជារឿងធ្វើទុកបុកម្នេញ គំរាមកំហែង យាយីយ៉ាងណានោះ ជារឿងមិនសមទេ។ លោកថា ករណីលោក ជា ចាន់ ដែលតុលាការដាក់ទោសគាត់គឺដាក់ទោសសមគំនិត ពីបទលួច មិនបានដាក់ទោសអ្នកធ្វើការងារជាសហជីពនោះទេ។ លោក ដារ៉ា ស្នើសុំកុំឱ្យយកតួនាទីជាសហជីពទៅប្រព្រឹត្តបទល្មើសតាមតែចិត្ត ហើយនៅពេលមានការអនុវត្តច្បាប់បែរជាស្រែកថាអយុត្តិធម៌។
លោកបញ្ជាក់ថា៖«សាលក្រមរបស់តុលាការបានសម្រេចទោសទៅលោក ជា ចាន់ ដោយសារតែលោកបានប្រព្រឹត្តបទសមគំនិតអំពើលួច បទសមគំនិតលួចមិនមែនលោកទៅធ្វើការងារសហជីពហើយគេចាប់ទេ ដោយសារតែគាត់ខ្លួនឯងហ្នឹងប្រព្រឹត្តកំហុសដោយខ្លួនឯង គឺបានសមគំនិតជាមួយចោរ អាហ្នឹងបុគ្គលទេ ចឹងយើងកុំយករឿងខ្លួនឯងប្រព្រឹត្តខុសហើយទៅស្រែកថា យើងធ្វើសហជីពត្រូវបានគេគំរាមកំហែង បំភិតបំភ័យ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសាលក្រម សម្រេចផ្ដន្ទាទោសលោក ជា ចាន់ ឱ្យជាប់ទោសចំនួន១២ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៦ខែ និងចំនួន៦ខែទៀត អនុវត្តទោសនៅក្រៅឃុំ៕
Post a Comment