រាជរដ្ឋាភិបាលកំពុងផ្តល់ជំនាញដល់ពលរដ្ឋដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០
--
ភ្នំពេញ៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើប្រជាពលរដ្ឋ មិនមានឱកាសការងារ និងជំនាញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលខាងមុខ និង កាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា យុវជនទាំងអស់នឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រែក្លាយអនាគតរបស់ខ្លួនកាន់តែមានភាពល្អប្រសើរ រីកចម្រើនជាមួយចំណេះជំនាញប៉ិនប្រសព្វ។ ជាពិសេស យុវជន និងនិស្សិតត្រូវធានាថា ការសិក្សារបស់ពួកគេទទួលបានជោគជ័យ ហើយមានគុណភាព ដើម្បីទាក់ទាញការវិនិយោគ បង្កើនឱកាសការងារក្នុងស្រុក ដើម្បីទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ៕
Post a Comment