Top News

លោកមេភូមិអះអាងថា អាជ្ញាធរ ពិតជាបានស៊ីញេ ទិញលក់ដីបឹងត្រាវ ទំហំ១០៦ហិកតា នៅស្រុកពោធិ៍រៀង ប្រាកដមែន!

 លោកមេភូមិអះអាងថា អាជ្ញាធរ ពិតជាបានស៊ីញេ ទិញលក់ដីបឹងត្រាវ ទំហំ១០៦ហិកតា នៅស្រុកពោធិ៍រៀង ប្រាកដមែន!




(ព្រៃវែង)៖ ស្របពេលដែលក្រុមអ្នកគួកជេរដីលើកឡើងថា”ដីបឹងត្រាវធំ”ទំហំ១០៦ហិកតា ស្ថិតនៅភូមិព្រែកផ្ទោល ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ត្រូវគេរៀបចំឱ្យពលរដ្ឋ ជាអ្នកឈរឈ្មោះ លក់ឱ្យឈ្មួញជាបន្តបន្ទាប់ ជ្រកក្រោមមូលហេតុ”អាស្រ័យផល”។
-បច្ចុប្បន្ន មន្ត្រីជំនាញស្រុកពោធិ៍រៀង ក៏បានចុះវាស់វែងជាប្រព័ន្ធ ដើម្បីរៀបចំឯកសារ គ្រោងបិទប្រកាស ត្រៀមនឹងចេញ(ប្លង់រឹង)ផងនោះ!។



-ឥឡូវស្រាប់តែ អតីតមេភូមិតាព្រះ រួមនិងលោកមេភូមិព្រែកផ្ទោល បានថ្លែងស្រដៀងគ្នាថា អាជ្ញាធរនិងមន្ត្រីជំនាញ ពិតជាបានចុះហត្ថលេខាឯកភាព លើលិខិតទិញលក់”ដីបឹងត្រាវធំ”ប្រាកដមែន។

សេចក្ដីរាយការណ៍បានឱ្យ«សារព័ត៌មាន» ដឹងថា”ដីបឹងត្រាវធំ”ត្រង់ចំណុចខាងលើ អតីតជាដីឡូត៍នេសាទលេខ២.ទំហំ១០៦ហិកតា..!។




ដីនេះ ក្រោយបញ្ចប់ឡូត៍នេសាទ នៅអំឡុងឆ្នាំ២០១៦ បានកាត់បញ្ចូលទៅក្នុងផែនទី និងក្រោមការគ្រប់គ្រងរបស់”សហគមន៍នេសាទព្រែកតាសរ”ស្ថិតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ពុំមែនជាកម្មសិទ្ធបុគ្គលណាម្នាក់ឡើយ…!



ក្រោយមក ក៏មានពលរដ្ឋមួយចំនួនតូច នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង និងខ្លះទៀត នៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង…!។
បានចូលទន្ទ្រានកាន់កាប់ និងអាស្រ័យផល ដីដែលនៅជុំវិញ”បឹងត្រាវធំ”។

លុះមួយរយៈចុងក្រោយនេះស្រាប់តែមានឈ្មួញ ចុះប្រមូលទិញ”ដីបឹងត្រាវធំ”ត្រង់ចំណុចខាងលើ ក្នុងតម្លៃ៦.០០០$(ប្រាំបួយពាន់ដុល្លារ)សម្រាប់១ហិកតា..!។

-បើតាមអ្នកគួកជេរដី រាល់ការទិញលក់”ដីបឹងត្រាវធំ”គឺឈ្មួញរៀបចំឱ្យពលរដ្ឋមួយចំនួនតូច ជាពិសេសពលរដ្ឋ ដែលអាស្រ័យផលជុំវិញ.!។
ជាអ្នកឈរឈ្មោះលក់”ដីបឹងត្រាវធំ”ដោយផ្អែកថា ពួកគាត់អាស្រ័យផលដីជាក់ស្ដែងនៅប៉ែកខាងលើ រួចអូសលក់ដល់បាតបឹង តាមកន្ទុយដីនីមួយៗ របស់ពួកខ្លួន។

ប្រភពដដែលបន្តថា រាល់ការលក់ទិញ”ដីបឹងត្រាវធំ”ត្រង់ចំណុចខាងលើ គឺមានការទទួលស្គាល់ស៊ីញេដឹងឮឯកភាព ពីអាជ្ញាធរភូមិ-ឃុំ.ទៀតផង។
ហើយឥឡូវ មន្ត្រីជំនាញចុះវាស់វែងជាប្រព័ន្ធ ចេញបង្កាន់ដៃ និងត្រៀមបិទប្រកាស ដើម្បីបំពេញនីតិវិធី ក្នុងការចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នាពេលខាងមុខ..!។

-ទាក់ទិនករណីនេះ មេការអ្នកទិញដីម្នាក់បានបញ្ជាក់ថា”ដីបឹងត្រាវធំ”មួយផ្នែក គឺថៅកែខ្លួនប្រមូលទិញពីពលរដ្ឋ..!។
ខណៈបច្ចុប្បន្ន មន្ត្រីជំនាញស្រុកពោធិ៍រៀង ក៏បានចុះវាស់វែងជាប្រព័ន្ធរួចរាល់ហើយដែរ ដោយថែមទាំងទទួលបាន បង្កាន់ដៃតាមក្បាលដីនីមួយៗទៀតផង..!។


ប៉ុន្តែលោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានថ្លែងបដិសេធថា រូបលោកពុំបានដឹងទេ ពាក់ព័ន្ធដីបឹងខាងលើ ហេតុនេះចាំលោកសួរនាំ លោកស្រីមេឃុំសិន..!។


រីឯលោកស្រី ចាន់ សុខទៀង មេឃុំព្រែកតាសរ បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី១៨.០៥.២០២៤ថា គ្រឿងចក្រ ដែលបានឈូសឆាយ”ដីបឹងត្រាវធំ”នោះ គឺបានដកចេញវិញហើយ។

លោកស្រីមេឃុំ បញ្ជាក់ថា”ដីបឹងត្រាវធំ”ត្រង់ចំណុចខាងលើ ជាដីអភិរក្សរបស់រដ្ឋ.!។
ប៉ុន្តែរាល់ការទិញលក់នោះ គឺរវាងពលរដ្ឋនិងពលរដ្ឋ ដោយលោកស្រី ពុំបានស៊ីញេឯកភាព នោះឡើយ។

-បើទោះបីជាលោកអភិបាលស្រុក និងលោកស្រីមេឃុំ ថ្លែងបដិសេធបែបនេះក្ដី!។
ប៉ុន្តែលោក ចាន់ សំអាង អតីតមេភូមិតាព្រះ ឃុំព្រែកតាសរ បានថ្លែងទទួលស្គាល់ថា កាលពីកន្លងទៅ រូបលោកពិតជាបានស៊ីញេ លើលិខិតទិញលក់”ដីបឹងត្រាវធំ”ប្រាកដមែន!។


លោក ចាន់ សំអាង អះអាងថា”ដីបឹងត្រាវធំ”គឺជាដីសាធារណៈរបស់រដ្ឋ ដែលមានទំហំ១០៦ហិកតា និងមានកំណត់ក្នុងផែនទី..!។

លោក ចាន់ សំអាង បញ្ជាក់ទៀតថា ឥឡូវនេះ”ដីបឹងត្រាវធំ”ត្រូវបានកាត់បញ្ចូលទៅក្នុងដែនរដ្ឋបាល ភូមិព្រែកផ្ទោល ឃុំព្រែកតាសរ…!។
ហេតុនេះភាគីអ្នកទិញ គេដាក់គ្រឿងចក្រ លើកទំនប់ព័ទ្ធយ៉ាងម៉េច គឺលោកពុំបានដឹងទេ.!។

-បន្ថែមពីនេះលោក យ៉ិល វណ្ណៈ មេភូមិព្រែកផ្ទោល បានថ្លែងប្រាប់«ដើមរាំង»ថា”ដីបឹងត្រាវធំ”ពីមុនជាដីឡូត៍នេសាទ។
ប៉ុន្តែក្រោយមក ពលរដ្ឋទិញលក់បន្តគ្នា ដោយមានការស៊ីញេ ដឹងឮ ឯកភាព ពីលោកមេភូមិមុន និងមេឃុំព្រែកតាសរ..!។
ហេតុនេះរូបលោក ដែលជាអ្នកគ្រប់គ្រងតាមក្រោយ គឺស៊ីញេដែរទៅ ព្រោះយោងឯកសារដើម..!។

លោកមេភូមិព្រែកផ្ទោល បញ្ជាក់ទៀតថា រាល់ការទិញលក់”ដីបឹងត្រាវធំ”គឺមានការស៊ីញេឯកភាពដឹងឮ ពីអាជ្ញាធរភូមិ.ឃុំ.ស្រុកនិងខេត្តទៀតផង។
តើឱ្យលោកប្រឆាំងម្នាក់ឯងម្ដេចនឹងកើត ហេតុនេះមានតែស៊ីញេ តាមគេតាមឯងទៅ..!។

-បើតាមលោកមេភូមិព្រែកផ្ទោល បច្ចុប្បន្ន”ដីបឹងត្រាវធំ”គឺបានចុះវាស់វែងជាប្រព័ន្ធរួចហើយ ដោយផ្អែកលើលិខិត ទិញលក់ពីមុននិងលិខិតពាក់ព័ន្ធថ្មីៗនេះ..!។

ក្នុងរឿងនេះ«សារព័ត៌មាន»ផ្សព្វផ្សាយទៅតាមប្រភពនិងមានការអះអាង ពីលោកមេភូមិ ពោលគឺ«សារព័ត៌មានយើង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ..!។
ដោយទុកកិច្ចការងារនេះ ជូនថ្នាក់ដឹកនាំ ពិនិត្យស្រាវជ្រាវ ចាត់វិធានការ តាមជំនាញទៅចុះ៕






Post a Comment

Previous Post Next Post

Kdaily-news ads