ចាប់ខ្លួនជនបន្លំជាព្រះសង្ឃមួយក្រុម ខណៈដើរបិណ្ឌបាតក្នុងភូមិ នៅខេត្តកំពង់ស្ពឺ..
កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង សហការជាមួយប៉ុស្តិ៍នគរបាលឃុំអមលាំង ឃាត់បានក្រុមជនក្លែងបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាត និងបច្ច័យ តាមទីសាធារណៈបានចំនួន ១៤នាក់ និងមធ្យោបាយរួមដំណើរមួយចំនួន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
យោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹងថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតនេះ បានជិះរថយន្ត១គ្រឿងម៉ាកស្តារិច មិនស្គាល់ស្លាកលេខ (គេចខ្លួន) និងផាសស្អាប់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KE-2876 ឃាត់បាន(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន) បានដឹកព្រះសង្ឃក្លែងក្លាយមកចំណុចកើតហេតុក្នុងពេលចាប់ខ្លួន។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំបាន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង បានរាយការណ៍ទៅជំនាញ ហើយលោកក៏បានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង និងប្រជាការពារ បង្ក្រាបបានក្រុមក្លែងបន្លំមួយក្រុមដែលមានគ្នា ១៤នាក់ និងដកហូតបានវត្ថុតាង ស្បង់ចីវរ ១៤សម្រាប់, បាតចំនួន៣, ថង់យាមចំនួន១៤, ទូរសព្ទចំនួន ១០គ្រឿង, ធៀបបុណ្យចំនួន ១២សន្លឹក កាតសម្គាល់ខ្លួនចំនួន៥ និងសម្ភារមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅវត្តគិរីមុន្នីកោសី(ហៅវត្តត្រពាំងក្រោក) ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់មកសមត្ថកិច្ចជំនាញបានរកឃើញមនុស្សចំនួន ៩នាក់ មានសារធាតុញៀន ផងដែរ។ បន្ទាប់មកក្រុមជនសង្ស័យ(សង្ឃក្លែងក្លាយ) ទាំង១៤នាក់ រួមនឹងវត្ថុតាង នគរបាលជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment