រលកកំដៅខ្លំាងនៅប្រទេសថៃសម្លាប់មនុស្សយ៉ាងតិច៣០នាក់នៅដើមឆ្នំា២០២៤ ខណៈរដ្ឋការក្រុងបាងកកបង្ហាញក្តីកង្វល់លើការប្រែប្រួលអាកាសធាតុ
ថៃឡង់ដ៍៖ ប្រទេសថៃបានចេញនូវការព្រមានថ្មីៗនេះពាក់ព័ន្ធនឹងការឡើងនូវកំដៅខ្លំាង ដែលផ្តើមចេញពីការប្រែប្រួលបរិយាកាសរបស់ភពផែនដី ខណៈដែលរដ្ឋាភិបាលក្រុងបាងកក បាននិយាយថា ដោយសារតែរលកកំដៅខ្លំាងបណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច៣០នាក់នៅឆ្នំានេះ។
ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា អាជ្ញាធរទីក្រុងបាងកកបានចេញប្រកាសអំពីកំរិតឡើងកំដៅឈានដល់កំរិតខ្ពស់នៅលើសន្ទទស្សន៍កំដៅប្រចំាថ្ងៃ ដែលថ្ងៃនេះមានកើនឡើងដល់ទៅ៥២អង្សាសេ បូករួមទំាងកំរិតរំភាយកំដៅផងដែរ។
តាមការព្យាករ បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះកំរិតកំដៅបានស្ទុះឡើងជាលំដាប់ នៅក្នុងទីក្រុងទេពមហានគរ មានកំរិតចាប់ពី៤០.១អង្សាសេកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
ដោយឡែកបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់់វិញបានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះដែរថា រលកកំដៅបានវាយលុកខ្លំាងនៅក្នុងតំបន់អាស៊ីខាងត្បូង និងតំបន់ប្រជាជាតិភូមិភាគអាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ បង្កឱ្យសាលារៀនជាច្រើនកន្លែងនៅពាសពេញប្រទេសហ្វីលីពីនត្រូវបង្ខំចិត្តបិទថ្នាក់រៀនជាបណ្តោះអាសន្នសិន ខណៈនៅឯទីក្រុងដាកា ប្រទេសបង់ក្លាដេសឯណោះ ក៏បានចាប់ផ្តើមធ្វើពិធីជួបជុំបួងសួងបែបសាសនាក្នុងស្រុក និងតាមព្រហ្មញ្ញវិធីដើម្បីសុំនូវទឹកភ្លៀងឱ្យបង្អុរធ្លាក់ចុះទៀតផង។
ដោយយោងតាមក្រសួងសុខភាពសាធារណៈរបស់ថៃបាននិយាយថា ចំនួនតួលេខពលរដ្ឋបានស្លាប់កើនឡើងដល់ទៅ៣០នាក់ដោយសារតែរលកកំដៅខ្លំាងចន្លោះចាប់ពីថ្ងៃទី១មករា រហូតដល់ថ្ងៃទី១៧ខែមេសា បើប្រៀបធៀបឆ្នំាមុនវិញមានចំនួនមនុស្សស្លាប់ដោយសារតែរលកកំដៅប្រមាណជា ៣៧នាក់នៅក្នុងរយៈពេលពេញមួយឆ្នំា២០២៣។
ចំណែកឯបណ្តាខេត្តជាប់នឹងព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ាវិញ បណ្តាញផ្សព្វផ្សាយថៃបានលើកឡើងថា កំរិតសីតុណ្ហភាពបានកើនឡើងដល់ទៅ៤៥.៩អង្សាសេកាលពីថ្ងៃពុធ ហើយកំរិតកើនកំដៅខ្លំាងនេះមានការកើនឡើងដូចគ្នាដែរនៅតំបន់ភូមិភាគឦសានប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ៕
Post a Comment