ស្ដ្រីម្នាក់សមគំនិតជាមួយប្តីទី៤ ដើម្បីសម្លាប់កូនខ្លួនឯង ដែលទើបអាយុ២២ខែ!
(សៀមរាប)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ករណីសមគំនិតសម្លាប់កូន(ចុង)ដែលទើបអាយុ២២ខែ។
អំពើឃាតកម្មនេះ បានកើតឡើងនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យទី១៖ ឈ្មោះ យិន សុខលីន ភេទប្រុសអាយុ៣០ឆ្នាំមុខរបរកម្មករ ទីកន្លែងកំណើត នៅភូមិព្រៃទទឹងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅបណ្ដោះ អាសន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ(ឃាត់ខ្លួន) ។
និង២៖ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំមុខរបរកសិករ ទីកន្លែង កំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ(ឃាត់ខ្លួន)។
-សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនកើតហេតុ.ជនដៃដល់ឈ្មោះ ហាក់ ហៃ ភេទស្រី មានកូនប្រុសរងគ្រោះឈ្មោះ ផ្លាវ សុចិត្រា អាយុ២២ខែ!។
ដោយកូនរូបនេះ រស់នៅក្នុងបន្ទុក ជាមួយខ្លួន រួមនិងជនដៃដល់ឈ្មោះ យិន សុខលីន ដែលត្រូវជាប្ដីទី៤។
-ពោលគឺពួកគេប្រកបមុខរបរ ស៊ីឈ្នួលដាំដំឡូងមី និងបេះគ្រាប់ស្វាយចន្ទី។
ហើយមួយរយៈកន្លងមកនេះ ជនដៃដល់ឈ្មោះ យិន សុខលីន មានអារម្មណ៍ស្អប់និងមិនចូលចិត្តជនរងគ្រោះ ដែលត្រូវជា(កូនចុង)របស់ខ្លួន ដោយហេតុថា ជនរងគ្រោះតែងតែខលទៅឪពុកបង្កើតរបស់គេ…!។
រហូតដល់វេលាកើតហេតុខាងលើឈ្មោះ យិន សុខលីន បានប្រើ(ដៃឆ្វេង)ចាប់ជនរងគ្រោះ លើកក្រវាត់ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង។
ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់គេង” ។
ប៉ុន្តែកូននៅតែបន្តយំ ទើបប្តីស្ទុះទៅវាយដើម ទ្រូងកូនចំនួន០១ដៃ ដោយប្រើដៃខាងស្តាំ។
បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយឈ្មោះ យិន សុខលីន បានយកដៃស្តាំច្របាច់កជនរងគ្រោះ។ ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល២០វិនាទី ទើបដកដៃទាំងពីរចេញ។
បន្ទាប់មកយកដៃឆ្វេង ចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ។
ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃទៀត ។
ហើយទាញកន្ត្រាក់បោះទៅលើកម្រាល បន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត។
ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេបានយកភួយ ទៅដណ្តប់ឱ្យកូន។
ស្ត្រីជាប្រពន្ធនិយាយថា រូបខ្លួនពិតជាបានឃើញសកម្មភាព ដូចបានរៀបរាប់ខាងលើពិតមែន ។
ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាច គេវាយធ្វើបាប ឬកាប់សម្លាប់ ។
ពីព្រោះគេមានដាវសាំម៉ូរៃ ចំនួន ០១ដើម រក្សាទុកនៅលើធ្នើរ ដាក់ចានឆ្នាំង ក្បែរដៃគេតែម្តង។
បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ប្តីបាននាំខ្លួន ចូលដេកដោយនិយាយថា កូនវាមិនអីទេ។
លុះម៉ោង៤ទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូន នៅលើកម្រាល។
ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោម ចេញមក បន្ទាប់មកខ្លួន បានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឲ្យកូន។
ទន្ទឹមនោះប្តី (ឈ្មោះ យិន សុខលីន) បានលើកដៃសំពះ និងនិយាយអង្វរថា “កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត”។
នាងនិយាយទៀតថា ដើមឡើយគិតថា ទុកសពកូនដល់ ពេលល្ងាច ក្នុងគោលបំណង ហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ។
ប៉ុន្តែនៅម៉ោង០៨យប់ ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ។
ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។
លុះដល់ម៉ោង១៦និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង។
នាងបានសារភាពថា អំពើខាងលើប្រព្រឹត្តតែ ម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។
ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាង ធ្លាប់ប្រើហិង្សាជាច្រើនលើក ទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតមកថ្ងៃស្លាប់ ។
ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃ ដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមី ជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន៕
Post a Comment