Top News

ប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងប្រធានភូមិបាលស្រុកមុខកំពូល ត្រូវបានពលរដ្ឋម្នាក់ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងដែនដី រឿងចេញប្លង់រឹងឲ្យគេគ្របលើដីរបស់គាត់ជាង២០ហិកតា



កណ្ដាល៖ ពលរដ្ឋម្នាក់ដែលអះអាងថាខ្លួនបានទទួលរងនូវភាពអយុត្តិធម៌ក្នុងករណីដីធ្លីនៅស្រុកមុខកំពូល បានសម្រេចចិត្តដាក់ពាក្យប្ដឹងប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងប្រធានភូមិបាលស្រុកមុខកំពូល ទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយរកយុត្តិធម៌។


បើយោងតាមពាក្យបណ្ដឹងដែលបានដាក់ចូលទៅកាន់ក្រសួងដែនដីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ ប៊ុន កែវឡុង ជាដើមបណ្ដឹង ដោយបានប្ដឹងពីឈ្មោះ សុក កាន់ណារិទ្ធិ ប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងលោកស្រី មាន សុទ្ធី ភូមិបាលស្រុកមុខកំពូល ព្រមទាំងបក្ខពួក ដោយចោទប្រកាន់ថា ពួកគេបានពាក់ព័ន្ធក្នុងការគប់គិតគ្នាចេញប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតី គ្របលើដីរបស់ដើមបណ្ដឹងចំនួនជាង២០ហិកតា ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ឈ្មោះ ប៊ុន កែវឡុង បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០០៦ មានឈ្មោះ នៅ សៀម បានទិញដីទំហំ២៦៤,២៣៦.១២ម៉ែត្រការ៉េ ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពីប្រជាពលរដ្ឋជាម្ចាស់ដីដើមចំនួន ១១គ្រួសារ ដោយមានលិខិតស្នាមដែលអាជ្ញាធរភូមិ ឃុំ និងស្រុក ទទួលស្គាល់តាមកំណត់ច្បាប់។បន្ទាប់ពីទិញដីនោះពីប្រជាពលរដ្ឋ ឈ្មោះ នៅ សៀម បានអនុញ្ញាតិឱ្យប្រជាពលរដ្ឋជាម្ចាស់ដើមទាំង ១១គ្រួសារ បន្តអាស្រ័យផលបណ្ដោះអាសន្ន ដើម្បីជួយមើលដីជូនគាត់រហូតដោយពុំមានទំនាស់អ្វីទាំងអស់។

លោក ប៊ុន កែវឡុង បន្តថា នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានទិញដីខាងលើបន្តពីឈ្មោះ នៅ សៀម ដោយមានលិខិតផ្ទេរកម្មសិទ្ធិដែលមានការចូលរួមវាស់វែងជាក់ស្ដែងលើទីតាំងដី ដើម្បីកសាងប្លង់ដោយមានការចូលរួម និងទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ស្រុក និងបានបង់ពន្ធប្រថាប់ត្រាជូនរដ្ឋត្រឹមត្រូវតាមកំណត់ច្បាប់។

បន្ទាប់ពីបានទិញដីនោះពីឈ្មោះ នៅ សៀម លោក ប៊ុន កែវឡុង បានកាន់កាប់អាស្រ័យផលដោយសន្តិវិធី និងស្របតាមច្បាប់ដោយគ្មានបណ្ដឹងតវ៉ាអ្វីឡើយ។ លុះដល់អំឡុងចុងឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងឱ្យប្រជាពលរដ្ឋធ្វើប្លង់រឹងជាប្រព័ន្ធ ឈ្មោះ ប៊ុន កែវឡុង បានចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងអ្នកជាប់ព្រំចុះទៅវាស់វែង និងបំពេញបែបបទតាមច្បាប់កំណត់ ដោយទទួលបានបង្កាន់ដៃស្របច្បាប់ត្រឹមត្រូវពីមន្ត្រីវិនិច្ឆ័យ ចំនួន ០៦ក្បាលដីរួមមាន៖ ក្បាលដីលេខ ៣០៤០, ២៨០៤, ៣០៣០, ៣០២៩, ៣០៣១ និងក្បាលដីលេខ ២២៥១។


នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ប៊ុន កែវឡុង បានទទួលព័ត៌មានថា មានឈ្មោះ ជា ស៊ីណា បានដាក់ពាក្យស្នើសុំធ្វើប្លង់រឹងលើដីទំហំ ៨០ហិកតា និងឈ្មោះ ហៀ ហ៊ីន បានដាក់ពាក្យស្នើសុំធ្វើប្លង់រឹងលើដីទំហំ ១០ហិកតា ដែលពួកគេបានទិញពីឈ្មោះ ភឺន ផល្លា ដោយទីតាំងដីដែលបានស្នើសុំធ្វើប្លង់រឹងនោះ គឺជាន់គ្នាលើទីតាំងដីរបស់ខ្លួនដែលមានការចុះវាស់វែងធ្វើប្លង់រឹងជាប្រព័ន្ធរួចហើយ ទើបឈ្មោះ ប៊ុន កែវឡុង បានសម្រេចដាក់ពាក្យប្ដឹងតវ៉ាជំទាស់គ្រប់នីតិវិធីនៃការចេញប្លង់រឹងឱ្យទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ជាបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយ ស្វែងរកទីតាំង និងព្រំដីជាក់ស្ដែងដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន បានទិញពីឈ្មោះ ភឺន ផល្លា ឱ្យបានត្រឹមត្រូវជាមុនសិន។

លោក ប៊ុន កែវឡុង ថ្លែងថា បើទោះជាខ្លួនបានដាក់ពាក្យប្ដឹងតវ៉ាតាមកំណត់ច្បាប់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរជំនាញ ចាប់តាំងពីឃុំ ស្រុក ខេត្ត រហូតដល់ក្រសួងដែនដី ចំនួន ២លើក នូវគ្រប់នីតិវិធីនៃការកសាងប្លង់រឹងទៅឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន យ៉ាងណាក៏ដោយ ក៏ពុំមានអាជ្ញាធរពាក់ព័ន្ធណាកោះហៅគូភាគីពាក់ព័ន្ធដើម្បីចូលខ្លួនដោះស្រាយវិវាទឡើយ បែរជាចេញប្លង់រឹងឱ្យទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន យ៉ាងឆាប់រហ័ស។

នៅក្នុងបណ្ដឹងនេះ ដើមបណ្ដឹងបានស្នើសុំចំនួន ៣ចំណុច៖ -ទី១សុំឱ្យក្រសួងដែនដីស្រាវជ្រាវភាពមិនប្រក្រតីនៃនីតិវិធីកសាងប្លង់រឹងរបស់លោក សុក កាន់ណារិទ្ធិ និងលោកស្រី មាន សុទ្ធី នៅចំណុចភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។-ទី២សុំឱ្យក្រសួងដែនដីមោឃៈភាពប្លង់រឹងលេខ 08071001-4678 មានដីទំហំ ៦០០,០០០ម៉ែត្រការ៉ែ, ប្លង់រឹងលេខ 08071001-4679 មានដីទំហំ ២០០,០០០ម៉ែត្រការ៉េ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ ជា ស៊ីណា និងប្លង់រឹងលេខ 08071001-4680 មានដីទំហំ ១០០,០០០ម៉ែត្រការ៉េ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ ហៀ ហ៊ីន និងទី៣ សុំឱ្យអាជ្ញាធរពាក់ព័ន្ធចេញប្លង់រឹងលើក្បាលដីលេខ ៣០៤០, ២៨០៤, ៣០៣០, ៣០២៩, ៣០៣១ និងក្បាលដីលេខ ២២៥១។


ពាក់ព័ន្ធរឿងនេះ លោក សុក កាន់ណារិទ្ធិ បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោកមិនអាចផ្ដល់បទសម្ភាសតាមរយៈទូរស័ព្ទឡើយ បើអ្នកសារព័ត៌មានចង់ដឹងច្បាស់សូមទៅកាន់មន្ទីរដើម្បីក្រុមការងាររដ្ឋបាល និងអ្នកនាំពាក្យ គេបញ្ជាក់ជូន។

ជាការឆ្លើយតបនឹងបណ្ដឹងនេះ លោកស្រី មាន សុទ្ធី ប្រធានការិយាល័យភូមិបាលស្រុកមុខកំពូលបានប្រាប់ អ្នកសារព័ត៌មាន ថា លោកស្រីមិនដែលបានចូលរួមវាស់វែងទីតាំងដីដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន បានសុំចុះបញ្ជីធ្វើប្លង់រឹងនោះទេ ពោលគឺលោកស្រីចុះហត្ថលេខានៅការិយាល័យតាមតែការណែនាំរបស់ថ្នាក់លើ និងធ្វើតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល។

លោកស្រី មាន សុទ្ធី បញ្ជាក់ថា ឈ្មោះ ប៊ុន កែវឡុង ពិតជាបានដាក់បណ្ដឹងទប់ស្កាត់ជំទាស់នឹងការចុះបញ្ជីធ្វើប្លង់រឹងរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ប្រាកដមែន។ លោកស្រី ក៏បានធ្វើរបាយការណ៍ជូនថ្នាក់លើផងដែរថា ករណីនេះមានបណ្ដឹងទប់ស្កាត់ និងតវ៉ាចំនួន ៥បណ្ដឹង ប៉ុន្តែសេចក្ដីសម្រេចចេញប្លង់រឹងជូនឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន គឺជាសិទ្ធិរបស់ថ្នាក់លើ។

ជុំវិញករណីនេះ លោក ខៀវ រ៉េន មេឃុំសំបួរមាស បានថ្លែងប្រាប់ អ្នកសារព័ត៌មាន ថា លោកបានចុះហត្ថលេខាលើឯកសាររបស់លោកស្រី ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ពិតមែន ដោយលោកធ្វើទៅតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល ចំណែកការចុះវាស់វែងជាក់ស្ដែងលើទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន លោកមិនបានចូលរួមទៅវាស់វែងនោះទេ គឺខាងមន្ត្រីជំនាញសុរិយោដី ជាអ្នករៀបចំឯកសារទាំងអស់ ពោលគឺលោកចាំតែចុះហត្ថលេខាលើឯកសារនៅសាលាឃុំតែប៉ុណ្ណោះ។

លោកមេឃុំសំបួរមាស ទទួលស្គាល់ថា នៅក្នុងអំឡុងពេលដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដាក់ពាក្យសុំធ្វើប្លង់រឹងនោះ គឺមានឈ្មោះ ប៊ុន កែវឡុង បានដាក់ពាក្យប្ដឹងជំទាស់ ហើយលោកក៏បានជម្រាបជូនទៅមន្ត្រីជំនាញតាមនីតិវិធីផងដែរ។

លោក ខៀវ រ៉េន អះអាងថា លោក ប៊ុន កែវឡុង ពិតជាធ្លាប់បាន ចូលរួមធ្វើប្លង់ដីជាប្រព័ន្ធតាមនីតិវិធី និងទទួលបានបង្កាន់ដៃដីដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ប្រាកដមែន។

ដោយឡែក លោកស្រី ជិន សំអាត ប្រធានភូមិអន្លង់ស្លែង បានប្រាប់ អ្នកសារព័ត៌មាន ថា លោកស្រីមិនបានចូលរួមវាស់វែងទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន នោះទេ ចំពោះឯកសារដែលតម្រូវឱ្យលោកស្រីចុះហត្ថលេខា គឺលោកស្រីធ្វើតាមតែការណែនាំរបស់ថ្នាក់លើ និង ស.ជ.ណ របស់សាលាខេត្តកណ្ដាល។

ចំពោះទីតាំងដីរបស់ឈ្មោះ ប៊ុន កែវឡុង លោកស្រី ជិន សំអាត បញ្ជាក់ថា លោកស្រីស្គាល់ទីតាំង និងធ្លាប់បានដឹងលឺ និងចាត់ឱ្យតំណាងចូលរួមជាមួយមន្ត្រីឃុំ និងមន្ត្រីជំនាញសុរិយោដីស្រុកដើម្បីចុះទៅវាស់វែងធ្វើប្លង់បង់ពន្ធប្រថាប់ត្រា និងចុះបញ្ជីជាប្រព័ន្ធតាមនីតិវិធី។

ទោះជាយ៉ាងណា តួអង្គសំខាន់បំផុត នៃករណីនោះ គឺលោកឧកញ៉ា ភឺន ផល្លា បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោកបានទិញដីនៅទីតាំងខាងលើតាំងពីឆ្នាំ២០០៥មកម្ល៉េះ ដោយមានឯកសារ អាជ្ញាធរ និងសាក្សីត្រឹមត្រូវតាមផ្លូវច្បាប់។

លោកឧកញ៉ា រូបនេះបន្ថែមថា មុននឹងអាជ្ញាធរ ភូមិឃុំ ស្រុក ខេត្ត រហូតដល់ក្រសួង សម្រេចទទួលស្គាល់លោកជាម្ចាស់កម្មសិទ្ធិលើដីខាងលើនោះ គឺមានការចុះស្រាវជ្រាវដោយគណៈកម្មការក្រសួងរៀបចំដែនដីដល់ទីតាំងដើម្បីសាកសួរអ្នកពាក់ព័ន្ធ ពិនិត្យលើឯកសារគតិយុត្តិដែលលោកមាន ហើយរូបលោកផ្ទាល់ក៏បានទៅឆ្លើយបំភ្លឺ និងដាក់ឯកសារពាក់ព័ន្ធទៅក្រសួងរួចរាល់អស់ហើយ និងចុងក្រោយក្រសួង និងខេត្ត បានចេញ ស.ជ.ណ ទទួលស្គាល់ថាលោក ជាម្ចាស់ដីនៅទីតាំងនោះពិតប្រាកដ មុននឹងឈានដល់ការសម្រេចចុះធ្វើប្លង់រឹងជូនលោក។

បច្ចុប្បន្នរឿងនេះ វាលែងពាក់ព័ន្ធនឹងរូបលោកទៀតហើយ ព្រោះលោកបានលក់ដីនោះបន្តទៅឱ្យឈ្មោះ ជា ស៊ីណា ហើយឈ្មោះ ជា ស៊ីណា ក៏ទទួលបានប្លង់រឹងតាមនីតិវិធីច្បាប់រួចហើយដែរ។ បើលោកធ្វើខុសច្បាប់គ្មានអាជ្ញាធរណា គេហ៊ានចេញប្លង់រឹងឱ្យទេ ទាល់តែលោកធ្វើត្រឹមត្រូវ បានគេចេញឱ្យ។ នេះជាការបញ្ជាក់ច្បាស់ៗរបស់លោកឧកញ៉ា ភឺន ផល្លា៕

















Post a Comment

Previous Post Next Post

Kdaily-news ads