Top News

ករណីព្រួតហិង្សាលើសិស្សស្រីម្នាក់នៅខណ្ឌកំបូល តុលាការសម្រេចដាក់ឲ្យនៅក្រៅឃុំចំនួន ៣នាក់ និង២នាក់ទៀត បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារ

ករណីព្រួតហិង្សាលើសិស្សស្រីម្នាក់នៅខណ្ឌកំបូល តុលាការសម្រេចដាក់ឲ្យនៅក្រៅឃុំចំនួន ៣នាក់ និង២នាក់ទៀត បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារ


ភ្នំពេញ៖ ជនភេទទី៣ និងបក្ខពួកសរុបចំនួន ៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូលនោះ តុលាការបានសម្រេចដាក់ឲ្យជនត្រូវចោទចំនួន ៣នាក់ នៅក្រៅឃុំ តែស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបាន លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ (ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត) តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ 

ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់នោះ មានឈ្មោះ អាត សំណាង ហៅ Cherry ភេទប្រុស អាយុ ១៨ឆ្នាំ ( ភេទទី៣ ) ជាអ្នកវាយលើជនរងគ្រោះ, ឈ្មោះហូ ម៉ូលុច្ស ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកថត, ឈ្មោះ យាន រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ, ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ ១៧ឆ្នាំ ជាអ្នកថត និងឈ្មោះ សំណាង ពិសី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក។ 

យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត»។ 

ក្នុងករណីនេះ យោងតាមរយៈវីដេអូ សិស្សប្រុសម្នាក់ជាប្រុសចរិកស្រី និងបក្ខពួកជាសិស្សស្រីម្នាក់ទៀត បានប្រើប្រាស់អំពើហិង្សា វាយទាត់ធាក់ ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់។ ក្រោយបែកធ្លាយខ្លិបវីដេអូ ក្រុមសិស្ស ៤នាក់ បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕








Post a Comment

Previous Post Next Post

Kdaily-news ads