Top News

អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំឱ្យបន្តគាំទ្រ និងបង្កលក្ខណៈដល់ការផ្សព្វផ្សាយ ឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

 


អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំឱ្យបន្តគាំទ្រ និងបង្កលក្ខណៈដល់ការផ្សព្វផ្សាយ ឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩


មណ្ឌលគិរី៖ លោកស្រី អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំឱ្យអាជ្ញាធរក្រុង/ស្រុកទាំង៥ ទូទាំងខេត្ត ត្រូវបន្តគាំទ្រ និងបង្កលក្ខណៈដល់ការផ្សព្វផ្សាយ ឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំ សង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌទូទាំងប្រទេស។ 

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងបែបនេះ កិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ 

ក្នុងពិធីនេះដែរ មានការចូលរួមពីលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រី នាយកទីចាត់ការផែនការ និងវិនិយោគ អភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ រួមទាំងលោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ខណ្ឌ លោកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ជាច្រើនរូប។ 

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយយោងតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះកម្មវិធីជាតិជំនួយសង្គមមួយចំនួនមានលក្ខណៈអចិន្រ្តៃយ៍ ហើយមួយចំនួនទៀតក៏បានបិទបញ្ចប់ទៅតាមកាលកំណត់ជាក់លាក់។ 

លោកស្រី អភិបាលរងខេត្ត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយចាប់អនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ 

លោកស្រី វិន ស៊ីធួន បានបញ្ជាក់ថា ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែរ ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀត។ 

យោងតាមលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង ផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់មន្ត្រីកម្មវិធីឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីផ្សព្វផ្សាយបន្តទៅដល់មេភូមិ ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ លោក បន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាលទ្ធផល គិតមកដល់បច្ចុប្បន្ន ការបើកប្រាក់ស្ថិតនៅក្នុងជុំទី១៥ លើកទី៤២ ដែលមានគ្រួសារទទួលផលក្នុងខេត្តមណ្ឌលគិរី សរុបចំនួន ៧,៩២៧គ្រួសារ ក្នុងនោះរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ៣៥,៤៦៤,៨៨៤,០០០រៀល៕







Post a Comment

Previous Post Next Post

Kdaily-news ads