ក្រឡាប់រថយន្ត១គ្រឿង បន្ទាប់ពីបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យមនុស្ស ២នាក់ របួសធ្ងន់ស្រាល
ភ្នំពេញ៖ រថយន្ត ១គ្រឿង បានក្រឡាប់ផ្ងាជើង បន្ទាប់ពីបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅទល់មុសខស្ថានទូតវៀតណាម តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស្តារិច ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 2BH-7206 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង បើកលឿនពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ភ្លាមៗតែម្តង។ បន្ទាប់មកគេឃើញម៉ូតូ ១គ្រឿង ចាប់ហ្វ្រាំងមិនទាន់ក៏ដួលជ្រុលទៅបុករថយន្តបន្ថែម បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
បន្ទាប់ពីក្រឡាប់រួច ម្ចាស់រថយន្តបានគាបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានអ្នកឃើញហេតុការណ៍ និងប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះដោយទាញចេញមកខាងក្រៅ រួចក៏បញ្ជូនទៅសង្គ្រោះបន្ទាន់តែម្តង។
ជុំវិញករណីខាងលើ បានបង្កឱ្យខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង របាំងថ្មពុះចែកទ្រូងផ្លូវ ១កង់ បែកអំពូល LED និងស្លាកបង្ហាញទិសដៅចរាចរណ៍ និងមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
Post a Comment