ជនពិការក្រីក្រនៅក្រុងសែនមនោរម្យចំនួន ៨០នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានពិការភាពប្រមាណជាង ៨០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។
លោក សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព
ដោយឈរលើស្មារតី”មិនបោះបង់ពលរដ្ឋណាម្នាក់ៗ។ លោក បញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនមានពិការភាព វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្កើតមុខរបរ ការចូលបម្រើការងារ ការស្តាលទ្ធភាពពលកម្មកាយសម្បទា និងសេវាសាធារណៈជាច្រើនទៀតជូនបងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។ លោក បន្ថែមថា គិតចាប់ពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ ចំនួន២៥ រាជធានី ខេត្ត ៦៨ក្រុង ស្រុកខណ្ឌ ជនមានពិការភាព ទទួលរបបសរុបចំនួន ១៩, ៤៣០នាក់ ស្រី៩,៨០៥នាក់។
លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការរៀបចំនាពេលនេះ ជាសក្ខីភាពបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពបងប្អូនជនពិការ ជាក្រុមជនងាយរងគ្រោះ ដែលកំពុងទទួលបាន នូវការលើកកម្ពស់តួនាទី ផលប្រយោជន៍ ការការពារសិទ្ធិ និងត្រូវការជាចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រ ទាំងជីវភាព ស្មារតី និងសម្ភារៈពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា មន្ទីរបានចុះសម្ភាសន៍ជនមានពិការភាពទូទាំងខេត្តមណ្ឌលគិរី បានចំនួន ១,២៩៨នាក់(ស្រី៥៥០នាក់) ក្នុងនោះ ពិការកាយ សម្បទាចំនួន ៦៤២នាក់ ពិការញាណដឹងចំនួន ៤៨៥នាក់ ពិការសតិបញ្ញាចំនួន ៦៥នាក់ ពិការផ្លូវចិត្តចំនួន ២៤នាក់ និងពិការផ្សេងៗចំនួន ៤៥នាក់ និងសម្ភាសន៍មិនពេញលេញចំនួន ៣៧នាក់។ ទន្ទឹមនឹងនេះ មន្ទីរបានរៀបចំនឹងធ្វើការស្នើរបបគោលនយោបាយពិការក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ ២០២៣ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសែន មនោរម្យមានចំនួន ៨០នាក់ ស្រី ៣៤នាក់ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់ មន្ទីរនឹងធ្វើការសហការជាមួយ សង្កាត់ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពជនមានពិការក្រីក្រតាមសហគមន៍បន្តទៀត៕
Post a Comment