បុគ្គលិកអគ្គិសនីខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានឆក់ស្លាប់ខណៈកំពុងបំពេញការងារ
ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកអគ្គីសនីម្នាក់បាន ស្លាប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីឡើងបង្គោលដោះខ្សែភ្លើងដើម្បីរំកិលបង្គោល តែសង្ស័យខុសបច្ចេកទេសបណ្ដាលឱ្យឆក់។ហេតុការនេះនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ សុខ តេងភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ជាក្រុមការងារអគ្គិសនីខេត្តកំពង់ឆ្នាំង។
មុនកើតហេតុជនរងគ្រោះឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញដើម្បីកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ពេលនោះ។ ពេលឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់ជាប់នៅលើបង្គោលពេលនោះក្រុមការងារខាងអគ្គិសនី បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីនិងបានដឹកជនរងគ្រោះតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីពិនិត្យសាកសពរួចរាល់ហើយសមត្ថកិច្ចនគរបាលជំនាញ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment