លទ្ធផលជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុធីន ខ្លាំងសង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ..
នារសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្ដម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារ ជាតិ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្រ្តី ក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះជាណាចក្រ កម្ពុជា និងបង្ហាញពីការរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់និងការបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្ដោយព្រំដែន ក៏ដូចជាកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ-១៩ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ នៃប្រទេសទាំងពីរបន្ថែមទៀត។
ឯកឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូបានចូលជួប សម្តែងការគួរសម និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺក្នុងគោលបំណង បន្តពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយឯកឧត្តមនាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រថៃបានយកចិត្តទុកដាក់ខ្ពស់លើការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការជ្រើសរើសព្រះរាជាណា ចក្រកម្ពុជាជាប្រទេសទីមួយ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ ឯកឧត្ដម សុផីន ខ្លាំងសង បានបញ្ជាក់ផងដែរថា ឯកឧត្តមតែងតែផ្ដល់នូវការគោរពនិងកោតសរសើរចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់នាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីក ចម្រើនជាលំដាប់ និងបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរបានល្អប្រសើរ។ បន្ថែមពី នេះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ បានគោរពជម្រាបជូន សម្តេចធិបតី ថា ព្រះរាជាណាចក្រថៃនៅតែបន្តគាំទ្រផ្ដល់ អាហារូបករណ៍ដល់សិក្ខាកាមជាយោធិនកម្ពុជា ព្រមទាំងបានលើកឡើងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការ បោសសម្អាតមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រថៃ ដែលបានបន្តផ្តល់អាហា រូបករណ៍សម្រាប់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិនកម្ពុជា។ ចំពោះបញ្ហាបោសសម្អាតមីន សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមជំនាញបច្ចេកទេស នៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នាបន្ថែម ទៀត តាមយន្តការដែលមានស្រាប់ដើម្បីកំណត់ទីតាំង និងនីតិវិធី ក្នុងការបោសសម្អាតមីនឱ្យបានរលូន។ សម្ដេច ធិបតី ក៏បានគូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នៅតាមបណ្ដោយព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងអាចសម្រួលដល់ការផ្លាស់ប្ដូរ និងទំនាក់ ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តនូវកិច្ចសហប្រតិបត្តិការលើការធ្វើលំហាត់រួមគ្នារវាង ភូមិភាគ និងភូមិភាគតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដែលកន្លងមកក៏ធ្លាប់មានការធ្វើលំហាត់រួមគ្នាផងដែរ លើ ការគ្រប់គ្រង និងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ជើងគោក ជើងទឹក និងជើងអាកាស ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន នានា នៃប្រទេសទាំងពីរ។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ ឯកឧត្ដម សុធីន ខ្លាំងសែង និងគណៈប្រតិភូឱ្យទទួលបានលទ្ធផល ជាផ្លែផ្កានិងជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យធ្វើដំណើរមាតុភូមិនិវត្តន៍ទៅ កាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព។
Post a Comment