រថយន្តបែនដឹកដីបេីកបុករថយន្ត Ford ranger គាបជាប់តៃកុងស្លាប់ម្នាក់យ៉ាងរន្ធត់នៅផ្លូវ៦០ម៉ែត្រកាលពីយប់មិញ ..
ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តFord ranger ចេញពីធ្វេីការ នឹងធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវរថយន្តបែនដឹកដីមួយគ្រឿងបើកដោយបុរសម្នាក់ក្នុងល្បឿនលឿនវ៉ាជែងបញ្រ្ចាសទិសគ្នាមកបុកផ្ទប់ចំពីមុខពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឱ្យគាបបុរសជាតៃកុងរថយន្ត ford ranger ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ ចំណុចក្បែរផ្សារអុីអន៣ លើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ស្រឺុ វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរប្រធានទីផ្សារ រស់នៅច្រកចូលផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ មានឈ្មោះស្រុឺ វណ្ណៈ បានបើករថយន្តម៉ាក ford rangerពណ៌កណ្តុរប្រមេះ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BK-7858 បើកចេញពីកន្លែងធ្វើការនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវ៦០ម៉េត្រទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនល្មមក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅម្តុំផ្សារក្រមួនក្នុងសង្កាត់ចាក់អង្រែក្រោម ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កបែនដឹកដី មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3E-0984បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតវ៉ាជែងមកបុកផ្ទប់រថយន្តford rangerចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង និងអូសគាបជាប់ទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសជាអ្នកបើករថយន្តford rangerស្លាប់ក្នុងរថយន្តយ៉ាងរន្ធត់ ភ្លាមនោះដែរអ្នកបើករថយន្តបង្កបានចុះរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋជាអ្នកដំណេីរបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកឲ្យចុះមកទីតាំងកើតហេតុ ក្នុងនោះក៏មានការសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ និងក្រុមជំនាញសង្គ្រោះ៧១១ ចុះមកជួយគាស់យកសពចេញពីក្នុងរថយន្ត ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយបន្តនាពេលក្រោយ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Post a Comment