ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូឈ្ងោកចុចទូរសព្ទ បណ្ដាលឱ្យទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងដួល ខណៈមានរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់ នៅវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ផ្លូវ២០១២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រៀម ស៊ីណេត អាយុ២៦ឆ្នាំ ជាងជួសជុលទូរសព្ទ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ ក្បែផ្សារបឹងបៃតង ក្នុងខណ្ឌសែនសុខ មានស្រុកកំណើត នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក YAMAH ពាក់ផ្លាកលេខ ភ្នំពេញ 1HE-2699។
យោងតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា បុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ២០១២ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម បានដកទូរសព្ទចេញពីហោប៉ាវខោរួចចុច ពុំដឹងថាតេទៅខាងណានោះទេ ពេលនោះជ្រុលទៅទាក់ដៃចង្កូតរថយន្តហាយឡែនឌ័រមួយគ្រឿង មិនចាំស្លាកលេខ ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យដួលខ្ទាតទៅកណ្តាលផ្លូវ ខណៈរថយន្តកុងតឺន័រមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏កិនចំតែម្ដង។ រថយន្តហាយលេនឌឺបានបន្ថែមល្បឿនទៅបាត់ ឯខាងរថយន្តកុងតឺន័រ អ្នកបើកបរឈប់រថយន្តចុះគេចខ្លួបាត់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្ត បណ្តាលឱ្យដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់
Post a Comment