ក្រុមចោរឆក់វ័យក្មេង០៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!
ក្រុមចោរឆក់វ័យក្មេង ០៤នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី លួចនិងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ជនសង្ស័យទាំង០៤នាក់រួមមាន៖
១.ឈ្មោះ កែវ គីមហាក់ ភេទប្រុស អាយុ១៦, ២.ឈ្មោះ ឃឿន ជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ រឿន រត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ស្រស់ ស្រីនីន ភេទស្រី អាយុ១៥ឆ្នាំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក០៣នាក់ផ្សេងទៀតដែលមានឈ្មោះ អាឡាយ អាមេឃា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនដងមកហើយដូចជា ឆក់កាបូប, ឆក់ខ្សែក និងទូរស័ព្ទដៃ នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល, ម្តុំមុខរោងចក្រយ៉ាកជីន ខណ្ឌកំបូល, ម្តុំទីប្រជុំជនស្រុកអង្គស្នួល ខេត្តកណ្ដាល, ម្តុំភូមិទួលសាម៉ សង្កាត់កំបូល និងធ្លាប់ធ្វើសកម្មភាពលួចកាត់សោរធុងក្លាសេភេសជ្ជៈចំនួន០៣កន្លែង នៅភូមិតាសេក ភូមិត្រពាំងឈូក និងភូមិត្រពាំងគល់ ក្នុងនោះឈ្មោះ ស្រស់ ស្រីនីន បានសារភាពថា ខ្លួនជាអ្នកចាំចាត់ចែងរបស់ដែល លួចនិងឆក់បាន យកទៅលក់។ ក្រុមជនសង្ស័យទាំងនេះ ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ ជាក់ស្តែងឈ្មោះ កែវ គីមហាក់ បានសារភាពថា កន្លងមក ខ្លួនធ្លាប់បានចូលស្តារនិតិសប្បទា នៅមណ្ឌលកែប្រែឱកាសខ្ញុំរយៈពេល០៤ខែម្តងហើយ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
Post a Comment