សមត្ថកិច្ចនគរបាលបង្រ្កាបករណីឃាតកម្មមួយករណីឃាត់ខ្លួនមុខសញ្ញាម្នាក់ នៅស្រុកបាណន់.!
ខេត្តបាត់ដំបង៖ នៅថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលជំនាញការិយាល័យខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹងនាំដោយលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ក្នុងករណីឃាតកម្ម ០១ករណី កម្លាំងសមត្ថកិច្ចនគរបាល បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ដឿន ចន្ត្រា ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នាំយកមកធ្វើការសាកសួរស្រាវជ្រាវ នៅអធិការដ្ឋាននគរបាលស្រុកបាណន់ ។ ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះ ដឿន ចន្ត្រា បានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ សួន ហុីង ដោយប្រើដំបងវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុពិតប្រាកដមែន ។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុនៃករណីឃាតកម្មនេះ គឺដោយសារគំនុំ (ជនរងគ្រោះលួចឆក់ត្រីក្នុងស្រែជនសង្ស័យជាច្រើនលើក) ។
សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥នាទី នៅត្រង់ចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឃាតកម្មមួយ បានកើតឡើងបង្កទៅលើជនរងគ្រោះម្នាក់ឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
Post a Comment